មន្ត្រីជាន់ខ្ពស់អាមេរិកបានដកស្រង់ប្រភពព័ត៌មានចារកិច្ចដែលបានឱ្យដឹងថា អុីរ៉ង់មានគម្រោងផ្តល់យន្តហោះចម្បាំងគ្មានមនុស្សបើករាប់រយគ្រឿងបំពាក់អាវុធទៅឱ្យប្រទេសរុស្ស៊ីសម្រាប់ធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។
លោក Jake Sullivan ទីប្រឹក្សា សន្តិសុខជាតិនៅសេតវិមានបានឱ្យដឹងថា តាមព័ត៌មានដែលភាគីអាមេរិកទទួលបាន គឺទីក្រុងមូស្គូទទួលបានយន្តហោះចម្បាំងគ្មានមនុស្សបើកជាច្រើនពីប្រទេសអុីរ៉ង់សម្រាប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ក្រោយទាហានរុស្ស៊ីរងការខាតបង់ជាច្រើនមក ។
លោក Jake Sullivan បានឱ្យដឹងថា «រដ្ឋាភិបាលអុីរ៉ង់បានត្រៀមផ្តល់ជូនរុស្សុីនូវយន្តហោះគ្មានមនុស្សបើកបំពាក់ដោយអាវុធ ។ តាមប្រភពព័ត៌មានដែលយើងទទួលបានគឺអុីរ៉ង់ក៏បានហ្វឹកហាត់កម្លាំងទាហានរុស្ស៊ីសម្រាប់ប្រើប្រាស់យន្តហោះគ្មានមនុស្សបើកទាំងនោះផងដែរ។
តាមសារព័ត៌មាន The Guardian បានផ្សាយថា លោក Jake Sullivan បានលើកឡើងថា បច្ចុប្បន្នមិនទាន់ដឹងថារុស្ស៊ីទទួលបានយន្តហោះគ្មានមនុស្សបើកពីអុីរ៉ង់ហើយឬនៅនោះទេ។ យន្តហោះគ្មានមនុស្សបើកដែលអុីរ៉ង់គ្រោងផ្តល់ទៅឱ្យរុស្ស៊ីគឺធ្លាប់បានប្រើប្រាស់ដោយកម្លាំងទាហានក្រុមហ៊ូធីនៅក្នុងប្រទេសយេម៉ែន ៕ ដោយធីរីណា
រូបថត :ZUMA Press Wire