មនុស្ស៤នាក់ នគរបាលបញ្ចប់ការសាកសួរ ករណីដែលកៀរគរពលរដ្ឋឲ្យប្រឆាំងការអនុវត្តច្បាប់លើរថយន្ដដឹកលើសទម្ងន់ នៅខេត្តបាត់ដំបង តែ៣នាក់ត្រូវបញ្ជូនបន្តទៅតុលាការ, មេក្លោងយោធា រោង សារឹម កំពុងរត់គេចខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានប្រាប់សារព័ត៌មាន ឲ្យដឹងថា មនុស្ស៤នាក់នោះ ត្រូវបញ្ចប់ការសួរនាំនៅកន្លែងនគរបាល តែត្រូវបញ្ជូនបន្ដចំនួន៣នាក់ មកសួរនាំនៅតុលាការ។ លោកបន្ដថា ម្នាក់ដែលត្រូវអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនោះ ជាប្រពន្ធរបស់បុរសម្នាក់ជាអ្នកយកបានឲ្យអ្នកតវ៉ា។
សូមជម្រាបថា មនុស្សប្រុស ស្រី ទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន គឺមានមនុស្ស២នាក់ ជាអ្នកយកបាយ ទឹកចែកជូនដល់ក្រុមបាតុកម្ម និងមនុស្សចំនួន ២នាក់ទៀត ត្រូវឃាត់ខ្លួននៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ ករណីឡាយតាមបណ្តាញសង្គម Facebook កៀរគរប្រជាពលរដ្ឋឲ្យនាំគ្នាមកប្រឆាំងឡោមព័ទ្ធ មិនមន្ត្រីជំនាញអនុវត្តច្បាប់យករថយន្តដឹកលើសទម្ងន់មករក្សាទុក។
សូមរម្លឹកថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ព្រមទាំងកម្លាំងសមត្ថកិច្ចស្រុកភ្នំព្រឹក បានឆ្មក់ចុះថ្លឹងរថយន្តដឹកជញ្ជូននៅលើផ្លូវ៥៩ ស្ថិតក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយចាប់បានរថយន្តរបស់ឈ្មួញថៃពីរគ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកពោតចេញពីកម្ពុជា ឆ្ពោះទៅច្រកអូររំដួលចេញទៅប្រទេសថៃ។

បន្ទាប់ពីការថ្លឹងរថយន្តពីរគ្រឿងនេះ មួយគ្រឿងមានទម្ងន់សរុប ៨២តោន លើសទម្ងន់កំណត់ជាង ៤០តោន និងមួយគ្រឿងទៀត មានទម្ងន់ ៦៤តោន លើសទម្ងន់កំណត់ជាង ២០តោន។ រថយន្តនេះ គឺដឹកលើសទម្ងន់កំណត់ច្រើនជាង ២០ភាគរយ។ ទម្ងន់ដែលបានដឹកលើសនេះ យោងទៅតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ គឺតម្រូវឱ្យរើទំនិញចេញ ហើយឃាត់រថយន្តទុកមួយឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ ៣០ម៉ឺនរៀលក្នុងមួយតោន និងដកបណ្ណបើកបរ និងព្យួរទុកចំនួនពីរឆ្នាំ។

សូមបញ្ជាក់ថា, មនុស្ស៤នាក់ ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីកៀរគរប្រជាពលរដ្ឋប្រឆាំងការអនុវត្តច្បាប់របស់សមត្ថកិច្ច លើរថយន្ដថៃដឹកលើសទម្ងន់កំណត់ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបញ្ចប់ការសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងត្រៀមបញ្ជូនបន្ដទៅកាន់សាលាដំបូងខេត្ត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ។
លោក កែវ សុជាតិ ព្រះរាជអាជ្ញា បានបញ្ជាក់ទៀតថា, មនុស្ស៣នាក់ដែលត្រូវបញ្ជូនបន្ដមកកាន់តុលាការនេះ ម្នាក់ជាកូនម្ចាស់សៃឡ, ម្នាក់ជាអ្នកសារព័ត៌មានឡាយបំផុសបំផុលឲ្យប្រជាពលរដ្ឋមកតវ៉ា និងម្នាក់ជាអ្នកយកបាយឲ្យអ្នកតវ៉ា។

លោកព្រះរាជអាជ្ញាបញ្ជាក់ថា, ដោយឡែក មេក្លោងជាដែលជាមន្ដ្រីយោធាឈ្មោះ រោង សារឹម មានតួនាទីជាមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង តុលាការកំពុងចេញដីកាដើម្បីឲ្យកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន ចាត់ការបន្ដតាមនីតិវិធី ពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់ ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ សូមគាំទ្រចំពោះចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ខេត្តបាត់ដំបង តាមរយៈការសម្របសម្រួលនីតិវិធីពីលោកកែវ សុជាតិ ពាក់ព័ន្ធទៅនឹងការឃាត់ខ្លួនក្រុមជនបំផុសបំផុលឲ្យប្រជាពលរដ្ឋមកតវ៉ា ចំពោះករណីដឹកផ្ទុកលើសទម្ងន់បំផ្លាញផ្លូវ ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print