រោងកម្មករ​សំណង់​របស់ក្រុមហ៊ុន​ហួង​សាន​ អ៉ីនធេីណេសិនណល ក្នុងខណ្ឌចំការមនត្រូវអគ្គិភ័យឆាបឆេះអស់១០បន្ទប់

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះរោងកម្មករ​សំណង់​របស់ក្រុមហ៊ុន​ហួង​សាន​ អ៉ីនធេីណេសិនណល បណ្តាលឱ្យខូចខាតអស់ចំនួន១០បន្ទប់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនក្រុមកម្មករ កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវចៃកា ក្នុងភូមិ១៤​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកម្មករសំណង់ស្នាក់នៅទីនោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឃើញអណ្ដាតភ្លើងឆាបឆេះ និងមានផ្សែងហុយយ៉ាងខ្មួលខ្មាញ់ចេញពីរោងស្នាក់នៅរបស់កម្មករសំណង់ដែលជារបស់ក្រុមហ៊ុន​ ហួង​សាន​ អ៉ីនធេីណេសិនណល ដោយសង្ស័យថាឆ្លងចរន្តអគ្គិសនី បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនក្រុមកម្មករផ្សេងទៀតបានរត់ចេញស្រែកឆោឡោប្រាប់គ្នាឱ្យជួយយកទឹកមកជះពន្លត់ តែដោយសារភ្លើងឆាបឆេះលឿនពេកទើបមិនអាចគ្រប់គ្រងស្ថានការណ៍បាន រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកើតហេតុភ្លាមៗតែម្តង។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការទាក់ទងទៅខាងការិយាល័យជំនាញបង្ការនិងពន្លត់អគ្គិភ័យ ចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងមកគោលដៅភ្លាមៗ ដើម្បីមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ក្នុងករណីគ្រោះអគ្គិភ័យនេះបានឆាបឆេះរោងស្នាក់នៅរបស់កម្មករសំណង់ដែលជារបស់ក្រុមហ៊ុន​ ហួង​សាន​ អ៉ីនធេីណេសិនណល បណ្តាលមកពីឆ្លងចរន្តអគ្គិសនីធ្វើឱ្យឆេះខូចខាតអស់ចំនួន១០បន្ទប់ទាំងស្រុង រួមទាំងសម្ភារប្រើប្រាស់អស់មួយចំនួន តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ ហើយក៏មិនបណ្តាលឱ្យឆាបឆេះរាលដាលទៅកន្លែងផ្សេងទៀតដែរ។
ក្នុងប្រតិបត្តិការជួយសង្រ្គោះនេះ គេសង្កេតគេឃើញមានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងខាងជំនាញសង្រោះ និងពន្លត់អគ្គិភ័យ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យរបស់កោះពេជ្របានមកដល់ទីតាំងដែលកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅនោះចំនួន២គ្រឿងដើម្បីធ្វើការបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរផងដែរ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print