ក្លិប Fulham បានចុះហត្ថលេខាទិញយកខ្សែបម្រើប្រេស៊ីល Andreas Pereira ពីក្លិបបិសាចក្រហម Manchester United។ ក្លិបនៅទីក្រុងឡុងមួយនេះមិនបានបង្ហាញពីតម្លៃខ្លួននោះទេ ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវបានគេយល់ថា មានតម្លៃ១០លានផោនរួមទាំងការបន្ថែមបន្ថែមផងដែរ។
កីឡាករវ័យ២៦ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំជាមួយក្រុមរបស់លោក Marco Silva ដែលត្រូវបានឡើងទៅកាន់ក្របខ័ណ្ឌ Premier League បន្ទាប់ពីឈ្នះនៅ Championship កាលពីរដូវកាលមុន។
ខ្សែបម្រើប្រេស៊ីល Andreas Pereira គឺជាកីឡាករទី២របស់ Fulhamនៅរដូវក្តៅបន្ទាប់ពីការមកដល់របស់ខ្សែបម្រើការពារព័រទុយហ្គាល់ Joao Palhinha ពី Sporting Lisbon។
Pereira បាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់ដែលបាននៅទីនេះ ហើយខ្ញុំមិនអាចរង់ចាំការចាប់ផ្តើមរដូវកាលជាមួយ Fulham បានទេ។ ខ្ញុំចង់ជួយ Fulham ឱ្យបានច្រើនតាមដែលអាចធ្វើបានដើម្បីឱ្យពួកគេក្លាយជាក្រុមរឹងមាំ។ Marco Silva មានសារៈសំខាន់ខ្លាំងណាស់សម្រាប់រឿងនេះ។ ខ្ញុំបាននិយាយច្រើនជាមួយគាត់ ហើយគាត់គឺជាកត្តាសំខាន់ដែលខ្ញុំនៅទីនេះ”។
Pereira ដែលបានចូលរួមជាមួយក្រុមយុវជនរបស់ Man United នៅអាយុ១៦ឆ្នាំបានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប Flamengo របស់ប្រេស៊ីល ដោយស៊ុតបញ្ចូលទីបាន៧ គ្រាប់ក្នុង៥៣ប្រកួត។
គាត់បានបង្ហាញខ្លួនជាលើកដំបូងឱ្យ Man Utd ក្នុងឆ្នាំ២០១៤ និងបានលេង៧៥ដងសម្រាប់ក្លិបនៅ Old Trafford មួយនេះក៏ដូចជាការខ្ចីជើងនៅក្រុម Granada, Valencia និង Lazio។ Pereira ក៏មានឈ្មោះក្នុងក្រុមជម្រើសជាតិប្រេស៊ីល ហើយធ្លាប់លេងកម្រិតយុវជនឲ្យបែលហ្ស៊ិកជាប្រទេសដែលរូបគាត់កើតនៅទីនោះមុនពេលមកប្តូរសញ្ជាតិជាប្រេស៊ីល ៕ (រូបភាព ៖ BBC Sport)