ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាល រាជធានីភ្នំពេញ ត្រៀមសាងសង់ រោងចក្រផលិតទឹកស្អាតមួយកន្លែងទៀត មានសមត្ថភាពផលិតទឹកស្អាតបាន៥០០០ម៉ែត្រគីបក្នុង១ថ្ងៃ ដែលមានទីតាំង លើដីសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិបឹងធំ២ ,ភូមិបឹងធំ៣ ,សង្កាត់បឹងធំ ខណ្ឌកំបូល ដើម្បឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ខណៈលោក ចុះពិនិត្យ មើលស្ថានភាព ទឹកសណ្ដស្ទឹងព្រែកត្នោត ជាមួយនិង មន្ដ្រីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ លើគម្រោងទីតាំងសាងសង់ស្ថានីយទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីឲ្យ ដំណើរការនៃគម្រោង នេះទទួលបាន ភាពជោគជ័យ បំពេញបាននូវបំណងចង់បានរបស់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។
បើតាមមន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអោយដឹងថា៖ គម្រោងសាងសង់ស្ថានីយទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញខាងលើនេះ មានឈ្មោះថា ជារោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន៥០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដោយផ្តើមសាងសង់នៅក្នុងឆ្នាំ២០២២ ដល់២០២៤ លើផ្ទៃដី៣០ហិចតា ។
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ អាចផ្គត់ផ្គង់ទឹកស្អាត អោយបងប្អូនប្រជាពលរដ្ឋបាននៅភាគខាងលិចឆៀងខាងត្បូងរាជធានីភ្នំពេញ នៅស្រុកកណ្ដាលស្ទឹងខេត្ត
កណ្តាល និងមួយផ្នែកទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ខេត្ដកណ្ដាល ។
រោងចក្រផលិតទឹកស្អាតបឹងធំ ជាជំហានទី១ នៅឆ្នាំ២០២៣នឹងអាចអោយបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ទឹកស្អាតនេះបាន នៅក្នុង ៣សង្កាត់ នៃខណ្ឌកំបូល ហើយនឹងបន្តពង្រឹកវិសាលភាពអោយកាន់តែធំបន្ថែមទៀត សំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ រស់ នៅស្អាត ផឹកទឹកស្អាត មានអនាម័យល្អ ទៅតាមគោលនយោបាយរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានគុណ បំណាច់ច្រើនណាស់សម្រាប់ប្រជាជនកម្ពុជា.ទី១យើងបាន រំដោះប្រជាពលរដ្ឋកម្ពុជាអោយរួចពីការកាប់ សម្លាប់របស់ប៉ុលពតនៅថ្ងៃ៧មករាឆ្នាំ១៩៧៩ ទី២ បានការពារជីវិតប្រជាពលរដ្ឋកម្ពុជាម្តងទៀតពីជំងឺកូវីដ-១៩ និងទី៣ សម្តេចបានគិតគូធ្វើយ៉ាងណាអោយប្រជាពលរដ្ឋ រស់នៅស្អាត ហូបស្អាត បរិស្ថានល្អ តាមរយៈការ បង្កើតឲ្យ មានរោងចក្រផលិតទឹកស្អាតនេះឯង៕
ដោយ៖សំរិត