នៅថ្ងៃទី១៣ខែកក្កដា ប្រធានាធិបតីអាមេរិកលោកចូ បៃឌិនបានចាប់ផ្តើមដំណើរទស្សនកិច្ច ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីដោះស្រាយបញ្ហាប្រឈមមុខក្នុងវិស័យថាមពលនិងស្បៀងអាហារ។
សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែកក្កដា បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានធ្វើដំណើរទៅដល់ប្រទេសអ៉ីស្រាអែល នាថ្ងៃទី១៣ខែកក្កដា ដែលជាការចាប់ផ្តើមនៃទស្សនកិច្ចដ៏សំខាន់មួយទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលគ្របដណ្តប់ដោយកិច្ចប្រឹងប្រែង ដើម្បីបញ្ចុះបញ្ចូលឱ្យសម្ព័ន្ធមិត្តអារ៉ាប់បង្កើនការផលិតប្រេង ក៏ដូចជាជំរុញចំណងទាក់ទងរវាងអ៉ីស្រាអែល នឹងអារ៉ាប៊ីសាអូ៊ឌីត។
លោកប្រធានាធិបតីអាមេរិក នឹងចំណាយពេល២ថ្ងៃនៅទីក្រុងហ្សេរុយសាឡឹម ដើម្បីជួបពិភាក្សាជាមួយថ្នាក់ដឹកនាំអ៉ីស្រាអែល មុនពេលជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស់ (Mahmoud Abbas) នាថ្ងៃសុក្រសប្តាហ៍នេះ នៅតំបន់វែសប៊ែង (West Bank)។
បន្ទាប់មកទៀត លោក ចូ បៃឌិន នឹងចេញដំណើរត្រង់ពីអ៉ីស្រាអែល ឆ្ពោះទៅកាន់ទីក្រុង ចេដាស (Jeddah) របស់អារ៉ាប៊ីសាអូ៊ឌីត នៅថ្ងៃសុក្រដដែល សម្រាប់ការជួបពិភាក្សាជាមួយក្រុមមន្រ្តីអារ៉ាប៊ីសាអូ៊ឌីត និងដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយសម្ព័ន្ធមិត្តអារ៉ាប់នៃតំបន់ឈូងសមុទ្រពែក្ស។
បើតាមក្រុមមន្រ្តីអាមេរិក ដំណើរទស្សនកិច្ចខាងលើ ដែលជាទស្សនកិច្ចលើកដំបូងបំផុតរបស់លោក បៃឌិន ទៅកាន់មជ្ឈិមបូព៌ា ក្នុងនាមជាប្រធានាធិបតី អាចនឹងជួយត្រួសត្រាយផ្លូវបន្ថែមដើម្បីឆ្ពោះទៅរកការស្តារទំនាក់ទំនងឱ្យប្រសើរឡើង រវាងអ៉ីស្រាអែលនឹងអារ៉ាប៊ីសាអូ៊ឌីត ខណៈដែលប្រទេសទាំងពីរជាគូបដិបក្ខនឹងគ្នា ប៉ុន្តែជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក នៅមជ្ឈិមបូព៌ា។
ទន្ទឹមគ្នានេះ ដោយសារតែសម្ពាធនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ ជុំវិញបញ្ហាកើនឡើងខ្ពស់នៃតម្លៃប្រេងសាំង ដែលបានធ្វើឱ្យលោក ធ្លាក់ចុះប្រជាប្រិយភាពក្នុងការស្ទង់មតិនោះ គឺលោក បៃឌិន ក៏ត្រូវគេរំពឹងផងដែរថា នឹងព្យាយាមជំរុញឱ្យសម្ព័ន្ធមិត្តអារ៉ាប់របស់ខ្លួន បង្កើនការផលិតប្រេង ដើម្បីជួយធ្វើឱ្យតម្លៃប្រេងសាំងថយចុះមកវិញ៕ ដោយធីរីណា
រូបថត : Roayahnews