ខេត្តសៀមរាប : ទើបទទួលបានការរាយការណ៍ពីការកើនឡើងនៃកម្ពស់ទឹកនៅក្នុងតំបន់ខ្លះក្នុងឃុំឃុនរាម ក្រោយពីមានភ្លៀងធ្លាក់យ៉ាងជោគជាំអស់រយៈពេលជាច្រើនថ្ងៃ ដែលធ្វើឱ្យផ្នែកខ្លះនៃផ្លូវគ្រួសក្រហមក្នុងឃុំត្រូវបានទឹកហូរឆ្លងកាត់ និងជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួន។ សូមបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីជាពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹង និងតាមជ្រលងមុខទឹកនៅតាមជើងភ្នំគូលែន បង្កើនការប្រុងប្រយត្ន័ខ្ពស់ ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀងគំហក់ (Flash Flood) ជាពិសេសប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃទៅមុខទៀត។ នេះជាការថ្លែងរបស់លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅល្ងាចថ្ងៃទី 13 ខែកក្កដា ឆ្នាំ 2022 ។
លោកអភិបាលស្រុកបន្ទាយស្រីបានបន្តថា, បន្ទាយស្រីគឺជាស្រុកដែលមានផ្ទៃរងទឹកភ្លៀងនៃទីជម្រាលជើងភ្នំគូលែនយ៉ាងវែង លាតសន្ធឹងពីព្រំប្រទល់ខាងកើតរហូតដល់ព្រំប្រទល់ខាងលិច ដែលដើរតួនាទីដូចជា”ទ”ទឹកភ្លៀងដ៏ធំចាក់បញ្ចូលទឹកភ្លៀងទាំងអស់មកក្នុងស្រុក ងាយនឹងបង្កជាហានិភ័យគ្រោះជំនន់ទឹកភ្លៀង ប្រសិនបើមានភ្លៀងធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃ ដូចដែលធ្លាប់កើតមានឡើងក្នុងឆ្នាំ២០១១ និងឆ្នាំ២០២០។
លោកអភិបាលបានអរគុណបងៗកងកម្លាំងដែលបានចុះទៅពិនិត្យដល់ទីកន្លែងភ្លាមៗ និងបានរាយការណ៍មកខ្ញុំ។ រដ្ឋបាលស្រុកបន្ទាយស្រីនឹងបន្តឃ្លាំមើល និងប្រុងប្រៀបកំលាំងនិងសម្ភារៈជួយបម្រុងអន្តរាគមន៍ក្នុងកណីដែលកើតមានគ្រោះទឹកជំនន់ជាយថាហេតុណាមួយ៕
ដោយ : សិលា