កូរ៉េខាងជើងបានប្រកាសទទួលស្គាល់តំបន់ឯករាជ្យ Donbass ដែលធ្វើឱ្យអ៊ុយក្រែនខឹងសម្បាយ៉ាងខ្លាំង ហើយសម្រេចកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង ។
សារព័ត៌មានរ៉យទ័រ បានដកស្រង់ប្រភពព័ត៌មានពីសារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី១៣ខែកក្កដាដែលបានផ្សាយថា ទីក្រុងព្យុងយ៉ាងបានសម្រេចទទួលស្គាល់ឯករាជ្យភាពរបស់សាធារណរដ្ឋ Donetsk (DPR) និងសាធារណរដ្ឋ Lugansk (LPR) ក្នុងតំបន់ Donbass ។ ទន្ទឹមនឹងនោះទីក្រុងព្យុងយ៉ាងមានបំណងចង់បង្កើតទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយប្រទេសទាំងពីរ ។
សកម្មភាពខាងលើធ្វើឱ្យកូរ៉េខាងជើងក្លាយទៅជាប្រទេសទី៣ហើយដែលទទួលស្គាល់ ឯករាជ្យភាពនៃសាធារណរដ្ឋទាំងពីរខាងលើ បន្ទាប់ពីរុស្ស៊ីទទួលស្គាល់នៅថ្ងៃទី២១ខែកុម្ភៈ និងស៊ីរី ទទួលស្គាល់នៅថ្ងៃទី២៩ខែមិថុនា ហើយកូរ៉េខាងជើងទទួលស្គាល់នៅថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២២។
សកម្មភាពខាងលើធ្វើឱ្យអ៊ុយក្រែនសម្រេចកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអ៊ុយក្រែនបានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងបានពិចារណាឃើញថាការសម្រេចចិត្តនេះ គឺជាការប៉ុនប៉ងរបស់ទីក្រុងព្យុងយ៉ាង ដើម្បីបំផ្លាញអធិបតេយ្យ និងបូរណភាពទឹកដីរបស់អ៊ុយក្រែន»៕ ដោយធីរីណា
រូបថត : Reuters