ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងហ្វេសប៊ុកថាៈ ទន្ទឹមនឹងការខិតខំពីកម្ពុជាដោយខ្លួនឯងក្នុងការថែរក្សា អភិរក្ស និងជួសជុលប្រាង្គប្រសាទជាច្រើននៅក្នងទឹកដីខេត្តសៀមរាប ក៏មានមិត្តបរទេស ជាពិសេសអង្គការ UNESCO បានយកចិត្តទុកដាក់ជួយកម្ពុជានៅក្នុងដំណើរការនេះ។ នៅពេលនេះគឺយើងឈានទៅជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តដែលមានប្រវែង១៩០ម ទទឹង១១,៦០ម និងកម្ពស់៤ម សាងពីថ្មបាយក្រៀមក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគយ៉ាងល្អឯក គឺជាច្រកចូលដ៏សំខាន់របស់ប្រាសាទអង្គរវត្តតែម្តង។
រមណីយដ្ឋានអង្គរគឺជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានចុះបញ្ជីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ បន្ទាប់ពីមានការអំពាវនាវស្នើសុំពី ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៅឆ្នាំ១៩៨៩។
កម្ពុជាសូមអរគុណបណ្តាប្រទេសដៃគូ អ្នកស្ម័គ្រចិត្ត និងគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពាររមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (International coordinating committee for the safeguarding and development of the historic site of Angkor “ICC-ANGKOR”) ដែលបានចូលរួមក្នុងកិច្ចការសង្គ្រោះ និងអភិរក្សប្រាង្គប្រាសាទក្នុងតំបន់ឧទ្យានអង្គរ រួមទាំងប្រទេសជប៉ុន សាកលវិទ្យាល័យសូហ្វីយ៉ាដែលបានជួសជុលអភិរក្សប្រាសាទបន្ទាយក្តី កំណាយស្រាវជ្រាវនៅស្ថានីយ៍ឡតានី និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តជាដើម។
ដោយសារប្រទេសយើងមានសន្តិភាព ទើបកម្ពុជាមានឱកាសនិងពេលវេលាគ្រប់គ្រាន់ក្នុងការជួសជុលអភិរក្សប្រាង្គប្រាសាទទាំងឡាយអោយបានល្អស្អាតឡើងវិញ ដើម្បីជាប្រយោជន៍សម្រាប់ជាតិយើងផង និងដើម្បីសម្រាប់មនុស្សជាតិទូទាំងពិភពលោកផង៕
ដោយ៖ សុវណ្ណារ៉ា