ខេត្តប៉ៃលិន៖ យុទ្ធជនម្នាក់រងរបួសធ្ងន់រយះជើងនិងដៃទាំងសងខាង ខណៈពេលដែលយុទ្ធជនម្នាក់បើកម៉ូតូវ៉ារថយន្តឆ្លាមមួយគ្រឿង ពេលនោះមានស្ត្រីម្នាក់បើកម៉ូតូដឹកកាដុងទឹកសុទ្ធ បម្រុងបត់មកខាងឆ្វេងស្រាប់តែត្រូវម៉ូតូខាងលើបើកក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នាមកពីក្រោយបុកគ្នាតែម្ដង បន្ទាប់មកជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅពេទ្យឯកជនក្រុងប៉ៃលិន និងស្ត្រីរងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងនៅវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចលើស្ពានភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុង-ខេត្តប៉ៃលិន។
សមត្តកិច្ចមូលដ្ឋានបានឱ្យដឹងថា ម៉ូតូ២គ្រឿងបុកគ្នានេះបង្កឡើងដោយម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ សេរី២០១៣ ពាក់ស្លាកលេខ បាត់ដំបង 1Q-0062 (ខូចខាតល្រាល) បើកបរដោយស្ត្រីម្នាក់ឈ្មោះ ជូ ស៊ីម ភេទស្រី អាយុ២៨ ឆ្នាំ មុខរបរ មេផ្ទះ (រងរបួសស្រាល) បានបើកទៅបុកម៉ូតូម៉ាក VIVA ពណ៌ក្រហម សេរី២០០៨ ពាក់ស្លាកលេខ ប៉ៃលិន 1A 4103 (ខូចខាតធ្ងន់) បើកបរដោយជនរងគ្រោះឈ្មោះ វឿន ប៉ាលី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបកម្មករ រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងខេត្តប៉ៃលិន (រងរបួសធ្ងន់) ។
បច្ចុប្បន្នជនរងគ្រោះបានទៅសំរាកនៅពេទ្យឯកជន ចំណែកម៉ូតូទាំងពីរគ្រឿងសាមុីខ្លួនទាំង២សម្រួលគ្នានៅកន្លែងកើតហេតុ៕
ដោយ៖ ស សារ៉េត
...