ខេត្តកណ្តាល៖ បុរសម្នាក់បើកម៉ូតូឌុបស្ត្រីម្នាក់ជ្រុលទៅបុកបង្គោលពុះចែកទ្រូងស្ពានដោយសារចាំងភ្លើងរថយន្តនៅខាមុខមើលផ្លូវមិនឃើញ បណ្តាលឲ្យខ្លួនឯងរងរបួសស្រាល រីឯស្ត្រីជាអ្នករួមដំណើរបាក់.កស្លាប់ភ្លាមៗមួយរំពេចនៅកន្លែងកើតុហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចលើស្ពានថ្មមួយកន្លែង តាមបណ្តោយផ្លូវលេខ៣៨០ ស្ថិតក្នុងភូមិក្រួចសើច ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះ ពិន វ៉ួច ភេទស្រី អាយុ៥០ឆ្នាំ ជាអ្នករួមដំណើរជាមួយបុរសដែលរងរបួសស្រាលឈ្មោះ ព្រាន គឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជាអ្នកបើកបរ ។ ទាំង២នាក់នេះមានទីលំនៅក្នុងភូមិរ៉ៃក្រោម ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហុងដាវ៉េវ ធុនសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1B-3780 ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវលេខ៣៨០ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន ខណៈបើកដល់ជិតដល់គល់ស្ពានថ្ម ក៏ស្រាប់តែមានរថយន្តបើកច្រាស់ទិសគ្នាបើកហ្វាធ្វើឲ្យជនរងគ្រោះចាំងភ្លើងមើលផ្លូវមិនឃើញបើកម៉ូតូជ្រុលទៅបុកបង្គោលពុះចែកទ្រូងស្ពានពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះទាំង២នាក់ដួលបោកទៅលើស្ពានថ្មស្លាប់និងរបួសតែម្តង ។
បច្ចុប្បន្នម៉ូតូ និងសាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានឯខេត្តកំពង់ចាមវិញ ៕
ដោយ៖ ស្អាងជ័យ