អ្នកនាំពាក្យរដ្ឋសភា៖ សេចក្ដីព្រាង​​វិសោធនកម្ម​ច្បាប់ធម្មនុញ្ញ ​​បានទៅដល់រដ្ឋសភាហើយ

ចែករំលែក៖

ភ្នំពេញ៖ អគ្គលេខាធិការ និងជាអ្នកនាំពាក្យ​រដ្ឋសភា​ លោក ឡេង ប៉េងឡុង បានមានប្រសាសន៍ថា ​សេចក្ដី ព្រាងច្បាប់ធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា​១៩ថ្មី (មួយ) មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា ១២៥ថ្មីនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មីនៃច្បាប់ធម្មនុញ្ញ​ បានទៅដល់​រដ្ឋសភាហើយ។

អ្នកនាំពាក្យរដ្ឋសភាបានបន្ថែមថា សេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្ដីពី ​វិសោធនកម្មមាត្រា​មួយ​ចំនួននៃច្បាប់ធម្មនុញ្ញនេះ​ នឹងដាក់ជូនគណៈអចិន្រ្តៃយ៍រដ្ឋសភា​នៅសប្តាហ៍ក្រោយនេះ​ហើយ។ លោក​ថា នៅពេលគណៈអចិន្រ្តៃយ៍រដ្ឋសភាបើកកិច្ចប្រជុំ​ពិនិត្យសម្រេចរួចហើយ ​ទើប​ដាក់ជូនរដ្ឋសភាដើម្បីបើកកិច្ចប្រជុំពេញអង្គ​។​​​

គួរបញ្ជាក់ថា លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​ថា ​ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺអនុវត្តទៅ តាមនីតិវិធីដែល​ចែងក្នុងរដ្ឋធម្មនុញ្ញទាំងអស់ ដោយពុំមាន​ចំណុចណាមួយដែលនិយាយថាជារឿងលាក់បាំង ជាការសម្ងាត់​នោះទេ។​ បើតាមលោករដ្ឋមន្ត្រី​ ចាប់តាំងពីឆ្នាំ១៩៩៣មក រដ្ឋធម្មនុញ្ញរបស់​កម្ពុជាត្រូវបាន​ធ្វើវិសោធនកម្មចំនួន​ ៩លើក​​រួចមកហើយ។ បើគិតបន្ថែមលើកនេះទៀតគឺចំនួន១០លើកហើយ។ ការធ្វើវិសោធនកម្មនេះ គឺដើម្បីបំពេញចន្លោះខ្វះខាតរបស់រដ្ឋធម្មនុញ្ញកម្ពុជា និងដើម្បីធានាការពារឧត្ដមប្រយោជន៍របស់ជាតិ។​

គួររំលឹកថា កាលពីថ្ងៃ​ទី១៣ ខែកក្កដា ​ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យនិងរៀប​ចំ​សេចក្តីក្រាបបង្គំទូលថ្វាយមតិ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ​កម្ពុជា​ ហើយជាលទ្ធផលក្រុមប្រឹក្សាធម្មនុញ្ញ បាន​បញ្ជាក់ថា ​«អាចធ្វើទៅបាន» ស្របតាមបរិបទនៃសភាពការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់​ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំង​ធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន​៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print