ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២២នេះកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យជាជនជាតិថៃម្នាក់ទៅតុលាការពាក់ព័ន្ធទៅនិងករណីរក្សានិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
គួររំលឹកឡើងថានៅវេលាម៉ោង ០៣និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ រួមនឹងថ្នាំញៀនមួយចំនួន នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដេីម្បីអនុវត្តតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងបានឃាត់ខ្លួនឈ្មោះ គៀតតិសាក់ ខានភីត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ មុខរបរ បុគ្គលិកកាស៊ីណូ ទីកន្លែងកំណើតខេត្តសមុទ្របាកាន ប្រទេសថៃ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្នុងប្រតិបត្តិការកម្លាំងអាវុធហត្ថយេីងបានដកហូតសម្ភារៈវត្ថុតាងរួមមាន -ម្សៅក្រាម ពណ៌ស(ខេហិត) ចំនួន០៤កូនថង់កិប ទម្ងន់ ២,១៣ក្រាម, -ថ្នាំគ្រាប់រាងមូលពណ៌កាហ្វេ(ថ្នាំក្រវី) ចំនួន ០១គ្រាប់កន្លះ ទម្ងន់ ០,៥៣ក្រាម, -ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាក realme ពណ៌ខ្មៅ)។
ដោយផ្អែកលើចម្លើយសារភាព ជនសង្ស័យឈ្មោះ គៀតតិសាក់ ខានភីត បានសារភាពថា ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ក៏បានបញ្ជូនខ្លួនជនសង្ស័យទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការបន្ត នឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ស សម