ភ្នំពេញ ៖ អ្នកយកព័ត៌មាន និងជាអ្នកអត្ថាធិប្បាយគ្រប់កម្មវិធីកងទ័ពនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ (TV5) និងជានាយទាហានបម្រើការនៅនាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ គឺលោកវរសេនីយ៍ឯក សាំង វណ្ណៈ បានទទួលមរណភាព វេលាម៉ោងជាង១០ ព្រឹកថ្ងៃអង្គារទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ៥៤ឆ្នាំ ដោយជំងឺដាច់សរសៃឈាមខួរក្បាល។
បើតាមមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់់សារព័ត៌មាន ថា លោកវរសេនីយ៍ឯក សាំង វណ្ណៈ គាត់ធ្លាក់ខ្លួនឈឺ និងបានបញ្ជូនមកព្យាបាលនៅមន្ទីរព្រះកេតុមា (ពេទ្យទាហាន១៧៩) ដោយមានយកចិត្តទុក ដាក់យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រូពេទ្យជំនាញជាដើម ប៉ុន្តែដោយសារតែស្ថានភាពរបស់លោកធ្ងន់ធ្ងរពេកទើបមិនអាចជួយសង្គ្រោះបាន។
មន្ត្រីក្រសួងការពារជាតិរូបនេះ បានថ្លែងថា ការបាត់បង់លោកវរសេនីយ៍ឯក សាំង វណ្ណៈ គឺជាបាត់បង់យុទ្ធមិត្តមួយរូបដែលមានស្នាដៃបំពេញការងារជូនស្ថាប័នកងទ័ព ជាពិសេសផ្នែកអត្ថាធិប្បាយព័ត៌មាន ដែលមានទឹកដមពិរោះផងដែរ។
សពលោក សាំង វណ្ណៈ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណីសាសនា នៅព្រះវិហារ យ៉េស៊ូគ្រឹះ ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់ទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី៥ នៅព្រឹកថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2022 ក៏បានបង្ហោះនៅលើ facebook ពីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរជាមួយនឹងក្រុមគ្រួសារសព ។
សូមបញ្ជាក់ថា,មរណភាពរបស់ លោក សាំង វណ្ណៈ គឺជាការបាត់បង់អ្នកសារព័ត៌មានអាជីពមួយរូប ដែលបានជួយសង្គម និងស្ថាប័នកងទ័ព បាត់បង់ស្វាមី ឪពុក ម្នាក់ដែលល្អនិងមានកេរ្តិ៍ឈ្មោះក្នុងសង្គម ។
សូមឲ្យវិញ្ញាណក្ខន្ធរបស់លោក បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ : សិលា