លោករដ្ឋមន្ត្រី លឹម គានហោ បានអនុញ្ញាតឱ្យលោក H.E Mr. MIYAZAKI Masao សមាជិកសភា និងជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្មជប៉ុន និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ (គម្រោងជំនួយ) លើវិស័យធនធានទឹក

ចែករំលែក៖

ភ្នំពេញ : រសៀលថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក H.E Mr. MIYAZAKI Masao សមាជិកសភា និងជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្មជប៉ុន និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ (គម្រោងជំនួយ) លើវិស័យធនធានទឹក នាទីស្តីការក្រសួង ។

ជាកិច្ចស្វាគមន៍ លោករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈលោក H.E Mr. MIYAZAKI Masao ដែលបាននឹងកំពុងបន្តជួយឧបត្ថម្ភ និងគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យធនធានទឹក ត្រូវបានពង្រឹង ពង្រីក និងធ្វើការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ហើយនឹងបន្តនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលមានទំនាក់ទំនងល្អជាប្រវត្តិសាស្ត្រយូរលង់មកហើយ ឲ្យកាន់តែល្អប្រសើរ និងកាន់តែរឹងមាំបន្ថែមទៀត ។ លោករដ្ឋមន្រ្តី បានជម្រាបជូន លោក H.E Mr. MIYAZAKI Masao អំពីសមិទ្ធផល និងការងារដែលក្រសួងសម្រេចបាន និងកំពុងអនុវត្ត ព្រមទាំងកិច្ចការងារចំពោះមុខក្នុងក្របខណ្ឌវិស័យធនធានទឹក និងឧតុនិយម ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ សំដៅធានានូវសន្តិសុខទឹកសម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើលោក H.E Mr. MIYAZAKI Masao ដែលជាអ្នកបច្ចេកទេសមានបទពិសោធន៍ និងធ្លាប់ជាជំនាញការប្រចាំក្រសួងធនធានទឹក និងឧតុនិយម ផងនោះ ធ្វើការពិចារណ និងជួយជម្រុញគម្រោងកែលម្អ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ (CP-P14) ឲ្យឆាប់បានដំណើរការក្នុងពេលឆាប់ៗនេះ ។
លោក H.E Mr. MIYAZAKI Masao បានបង្ហាញនូវសេចក្តីរីករាយ ដោយបានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយ លោករដ្ឋមន្រ្តីនាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារលើវិស័យធនធានទឹក និង ឧតុនិយម ដែលក្រសួងសម្រេចបាន ក៏ដូចជាកិច្ចការបន្តដែលត្រូវអនុវត្តក្នុងបេសកកម្មរួមចំណែកដល់ការអភិវឌ្ឍ និងការរីកលូតលាស់សេដ្ឋកិច្ចប្រទេសកម្ពុជាឲ្យបានកាន់តែប្រសើរថែមទៀត ។ ឯកឧត្តម H.E Mr. MIYAZAKI Masao បានជម្រាបជូន លោករដ្ឋមន្រ្តី នូវការប្តេជ្ញាចិត្ត បន្តរួមចំណែកជួយរបស់រាជរដ្ឋាភិបាលជប៉ុន ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចំរើន តាមរយៈការធ្វើយ៉ាងណាឲ្យមាននិរន្តរភាពសម្រាប់ប្រព័ន្ធស្បៀងអាហារ ការធ្វើឲ្យប្រសើរឡើងនូវបទដ្ឋានបច្ចេកទេសធារាសាស្រ្ត និងការផ្តល់ជំនួយផ្នែកបច្ចេកទេស ដោយជំនាញការដែលមានបទពិសោធន៍ ។
ពាក់ព័ន្ធនឹងគម្រោងកែលម្អ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ (CP-P14) លោក H.E Mr. MIYAZAKI Masao សន្យាថានឹងធ្វើការពិភាក្សាគ្នាជាមួយអង្គការ JICA ដើម្បីបន្តជម្រុញគម្រោងនេះឲ្យចេញជារូបរាងឡើង បន្ទាប់ពីការសិក្សាតំណាក់កាលទី ១ ដែលកុងស៊ុលតង់គម្រោង បានជ្រើសរើសយកអនុគម្រោងរលាំងជ្រៃ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងផ្នែកខ្លះនៃអនុគម្រោងកណ្តាលស្ទឹង-បាទី ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ សម្រាប់យកមកអនុវត្តការងារសាងសង់ ដែលមានថវិកាសរុបចំនួនជាង 51 លានដុល្លារអាមេរិក ។ នៅក្នុងតំណាក់កាលទី ២ កុងស៊ុលតង់គម្រោង បានជ្រើសរើសយកអនុគម្រោងស្លាគូ ស្ថិតក្នុងខេត្តតាកែវ អនុគម្រោងប្រឡាយ ៣៥ ស្ថិតក្នុងខេត្តកំពង់ស្ពឺ អនុគម្រោងស្រះប្រាំបី ស្ថិតក្នុងខេត្តកណ្តាល និងផ្នែកខ្លះនៃអនុគម្រោងកណ្តាលស្ទឹង-បាទី ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ សម្រាប់យកមកអនុវត្តការងារសាងសង់ ដែលត្រូវការថវិកាសរុបចំនួនជាង 70 លានដុល្លារអាមេរិក ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print