ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងរថយន្តរដឹកសំរាមបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន បុកជាមួយរថយន្តម៉ាក LAND CRUISER PRADOទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹងបណ្ដាលអោយក្រឡាប់របួសមនុស្ស៣នាក់ផ្អើលអ្នកភូមិកំពុងដេកលង់លក់ទាំងទាបភ្លឺ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីទាបភ្លឺឈានចូលថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២២ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៦៣-១៦៤ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាអ្នកបើករថយន្តដឹកសំរាមមានឈ្មោះភឹម សំអាត អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តនិងអ្នករួមដំណើរឈ្មោះយៀង សំអាត អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករប្រមូលសំរាម រស់នៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ចំណែកអ្នកបើករថយន្តម៉ាក LAND CRUISER PRADOមានឈ្មោះ
ហ្សេន ឡៃម៉ាន អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបញ្ជាក់ថាមុនកើតហេតុមានរថយន្តដឹកសំរាមម៉ាកHYUNDIA ពណ៌ស គ្មានស្លាកលេខបើកក្នុងទិសដៅពីលិចទៅកើតហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន បុកជាមួយរថយន្តម៉ាក LAND CRUISER PRADOពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AI៥០៨០ក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង
បណ្ដាលអោយក្រឡាប់របួសមនុស្ស៣នាក់ផ្អើលអ្នកភូមិកំពុងដេកលង់លក់ទាំងទាបភ្លឺ។
ក្រោយមកអ្នករងរបួសត្រូវបានសមត្ថកិច្ចដឹកមកព្យាបាលនៅមន្ទីរពេទ្យសោភ័ណ្ឌអូរវ៉ាង
ចំពោះមធ្យោបាយធ្វើដំណើររថយន្តទាំង២គ្រឿងយកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីដោះស្រាយតាមច្បាប់៕
ដោយ៖ សុថាន