ខេត្តពោធិ៍សាត់ ៖ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ អមដំណើរដោយសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត នាព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២២ បានអញ្ជើញចូលរួមដាំដើមឈើនៅវត្តក្ងានឃុំស្វាយលួងស្រុកកណ្ដៀង ដើម្បីអបអរសាទរបុណ្យរុក្ខទិវា០៩កក្កដាឆ្នាំ២០២២នេះ។
ការប្រារព្ធទិវាដាំដើមឈើនេះឡើង ក្នុងគោលបំណងបំផុសស្មារតីដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ឱ្យចូលរួមដាំដើមឈើដើម្បីបង្កើនគម្របព្រៃឈើនិងការគ្រប់គ្រងបរិស្ថាន។ ចូលរួមរក្សាអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ ទេសចរណ៍ ការសិក្សាស្រាវជ្រាវ ប្រព័ន្ធការពារដីជម្រាលនិងជីវចម្រុះ។ ជាមួយគ្នានោះក៏ជាព្រឹត្តិការណ៍លើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ពីសារៈសំខាន់នៃធនធានធម្មជាតិ បញ្ឈប់ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់ ដាក់អន្ទាក់សត្វដោយខុសច្បាប់ផងដែរ។ ទិវានេះមានតាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ ក្រោមព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើមនិងដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ។
ឆ្នាំនេះរខ័ណ្ឌដ្ឋបាលព្រៃឈើពោធិ៍សាត់ បានកំណត់យកទីតាំងវត្តក្ងាន និងតំបន់ព្រៃសហគមន៍ភូមិជ្រែងឃុំស្វាយលួងស្រុកកណ្ដៀង ដើម្បីប្រារព្ធពិធីបុណ្យរុក្ខទិវាដាំដើមឈើចំនួន១៤៥០ដើម ក្នុងនោះដាំក្នុងបរិវេណវត្តចំនួន១៥០ដើម ដាំក្នុងតំបន់ព្រៃសហគមន៍១៣០០ដើម និងកំពុងបន្តដាំថែមទៀតចំនួន៤០០០ដើម ។
ដើមឈើដែលយកមកដាំនេះមានប្រភេទគ្រញូង ធ្នង់ ច្រេស អាកាស្យា ស្ដៅ អង្កាញ់ និងគគី ។ ដោយឡែកកូនឈើចំនួន២៥០០ដើមទៀត បានត្រៀមប្រគេននិងចែកជូនព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដាំនៅតាមវត្ត សាលារៀន អង្គភាព និងតាមគេហដ្ឋានផងដែរ ។
លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តថ្លែងថា ពិធីបុណ្យរុក្ខទិវាដែលកំពុងប្រារព្ធធ្វើនៅវត្តក្ងាននេះ មានអត្តន័យនយោបាយនិងបំផុសស្មារតីដល់មហាជនឲ្យបានយល់ដឹងអំពីគុណប្រយោជន៍ព្រៃឈើ ព្រមទាំងក្រើនរំលឹកឲ្យជួយជ្រោមជ្រែងចូលរួមក្នុងការដាំដើមឈើដើម្បីជាសុភមង្គលនិងសេចក្ដីសុខនៃប្រទេសជាតិ។ លោកបន្តទៀតថា ដើម្បីធ្វើឲ្យបានសម្រេចនូវគោលនយោបាយវិស័យព្រៃឈើជាតិ ជាពិសេសចលនាដាំដើមឈើរបស់ពលរដ្ឋម្នាក់ៗ ពុំគប្បីចាត់ទុកការងារដាំដើមឈើឡើងវិញនិងភារកិច្ចការពារសម្បត្តិព្រៃឈើធម្មជាតិ មិនមែនជាភារកិច្ចដោយឡែករបស់ស្ថាប័នណាមួយឡើយ ផ្ទុយទៅវិញជាភារកិច្ចដ៍វិសេសវិសាលរបស់យើងទាំងអស់គ្នា។ ឯកឧត្តមប្រធានក្រុមប្រឹក្សា បានឧទ្ទិសពិធីបុណ្យរុក្ខទិវាដាំដើមឈើនេះ ឲ្យស្ថិតក្នុងបេះដូងប្រជាពលរដ្ឋគ្រប់ៗគ្នា និងសូមឲ្យទិវានេះក្លាយជាប្រពៃណីជារៀងរាល់ឆ្នាំ ។ លោកក៏បានកោតសរសើរនិងថ្លែងអំណរគុណជាអនេក ចំពោះខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត សាលាស្រុកកណ្ដៀង ស្ថាប័នជំនាញពាក់ពន្ធ អាជ្ញាធរមូលដ្ឋាន អង្គការរីកូហ្វ ព្រមទាំងអង្គការដៃគូរនៅទូទាំងខេត្តពោធិ៍សាត់ ដែលបានរៀបចំពិធីបុណ្យរុក្ខទិវានេះឡើង ជាឧត្តមប្រយោជន៍នៃសង្គមជាតិទាំងមូល ៕
ដោយ ប៉ឹម ពិន