ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៏ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ឯក មុន្នី ហោរ៉ាត់ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការបំភ័ន្តអក្ខរៈ អគ្គបញ្ជាការ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបំភ័ន្តអក្ខរៈ កងទ័ពជើងគោកប្រចាំ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានបញ្ជូនសារ កងទ័ពជើងគោក (បន្ទាយព្រែកហូរ ) ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
របាយការណ៍បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញបំភ័ន្តអក្ខរៈ កងទ័ពជើងគោក ឆ្នាំ២០២២ មានសិក្ខាកាមសរុបចំនួន ៤៩នាក់ គ្រូយោធាចារ្យចំនួន ០៥នាក់ សិក្សារយៈពេល ០៣ខែ ស្មើរនិង៩១ថ្ងៃ។ សិក្សាមេរៀនរួមមាន លំហាតើរបៀប អប់រំចិត្តសាស្ត្រ ព័ត៌មានវិទ្យា និងសិក្សាទ្រឹស្តីជំនាញ អនុវត្តន៍ជំនាញ ពាក់កណ្តាលស្វ័យប្រវត្តិ និងម៉ាស៊ីនបាំង បំភ័ន្តអក្ខរៈ ក្រោយបញ្ចប់វគ្គសិក្ខាកាមទទួលបាននិទ្ទេសល្អចំនួន ០៧នាក់ ស្មើ ១៤, ២៥ ភាគរយ . និទ្ទេសល្អបង្គួរចំនួន ១៧នាក់ ស្មើ៣៤,៦៩ភាគរយ និងនិទ្ទេសមធ្យមចំនួន ២៥នាក់ ស្មើ៥១,០៦ភាគរយ ។
ជំនួសមុខឲ្យមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា បានថ្លែងកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន សិក្ខាកាម គ្រូយោធាចារ្យ គណៈគ្រប់គ្រងវគ្គទាំងអស់បានខិតខំបំពេញភារកិច្ចឲ្យវគ្គនេះបានដំណើរបិទតាមការគ្រោងទុក្ខ ។ លោកឧត្តមសេមីយ៍ឯក ប្រាក់ សុវណ្ណា បានថ្លែងអំណរគុណដល់ឧត្តមសេនីយ៍ឯក មុន្នី ហោរ៉ាត់ តែងតែបានជួយឧបត្ថម្ភទាំងស្មារតី សម្ភារៈ ថវិកាដល់គ្រប់វគ្គហ្វឹកហ្វឺនជំនាញបំភ័ន្តអក្ខរៈ កងទ័ពជើងគោកជាបន្តបន្ទាប់ ។
លោកឧត្តមសេមីយ៍ឯក ប្រាក់ សុវណ្ណា បានមានប្រសាសន៍ថា វគ្គដែលប្រារព្ធបិទនាពេលនេះថា ពិតជាបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងសមត្ថភាព ចំណេះដឹង ចំណេះធ្វើ ស្របតាបភារកិច្ចចំពោះមុខរបស់កងយោធពលខេមរភូមិន្ទ ទាំងបរិមាណ និងគុណភាព និងបានលើកកម្ពស់សមត្ថភាពលើការអនុវត្តន៍បច្ចេកទេសបំភ័ន្តអក្ខរៈ ដល់នាយទាហាន នាយទាហានរង និងពលទាហាន មានសមត្ថភាពជំនាញគ្រប់គ្រាន់ឈរលើស្មារតី យកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ មានឆន្ទៈស្មោះត្រង់ ប្រុងប្រយ័ត្នលើការអនុវត្ត ថែរក្សាការពារ សម្ភារៈដែលបានបំពាក់ ធានាបានសម្ងាត់ ពិតប្រាកដ ទាន់ពេលវេលា និងសុវត្ថិភាពបច្ចេកទេស ព្រមទាំងព័ត៌មាន ។
លោកឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា ក៏បានគូសបញ្ជាក់ថា នៅលើពិភពលោកបណ្តាប្រទេសទាំងអស់សុទ្ធតែបានប្រើប្រាស់បច្ចកទេសជំនាញបំភ័ន្តអក្ខរៈ ដែលមាន រូបភាព ខ្លឹមសារ និងបច្ចេកទេសខុសៗគ្នា ដើម្បីការពារការសម្ងាត់របស់ជាតិ និងការសម្ងាត់យោធា ។យោងតាមបច្ចេកវិទ្យា វិទ្យាសាស្ត្រ បច្ចេកវិទ្យារីកចំរើនរបស់ប្រទេសរៀងៗខ្លួន ។ ដូច្នេះបច្ចេកវិទ្យា វិទ្យាសាស្ត្រ ត្រូវផ្សារភ្ជាប់ជានិច្ចជាមួយកត្តាមនុស្ស ។ ប៉ុន្តែកត្តាមនុស្សជាក្តាកំណត់ភាពជោគជ័យ ឬបរាជ័យ ។ អាស្រ័យហេតុនេះទាមទាឲ្យនាយទាហាន ភ្នាក់ងារជំនាញ ឯកទេសបំភ័ន្តអក្ខរៈទាំងអស់ត្រូវមានចរិកសម្ងាត់ដាច់ខាត ។ ហើយចរិកសម្ងាត់ជាអាវុធដ៏មានប្រសិទ្ធភាពរបស់ជំនាញបំភ័ន្តអក្ខរៈ ។ ក្នុងន័យនេះដើម្បីមានសមត្ថភាពឆ្លើយតបទៅនិងបច្ចេកវិទ្យាទំនើបទាន់សម័យ ទាមទារឲ្យភ្នាក់ងារត្រូវខិតខំគ្រប់ផ្នែក គ្រប់វិស័យ ដើម្បីមានគ្រប់គ្រាន់នូវសមត្ថភាពធានារ៉ាប់រងបាននូវសំណូមពរ និងភារកិច្ចរបស់ខ្លួន ។
នៅក្នុងឧិកាសនោះដែរ លោកឧត្តមសេនីយ៍ឯក មុន្នី ហោរ៉ាត់ បានឧបត្ថម្ភថវិកាជូន សិក្ខាកាម និងគ្រូយោធាចារ្យ ៥៤នាក់ ក្នុង១នាក់ៗទទួលបានថវិកាចំនួន ៣០០០០រៀល និងឧបត្ថម្ភវគ្គចំនួន ២លានរៀល ។ ឧត្តមសេនីយ៏ឯក ប្រាក់ សុវណ្ណា បាននាំយកថវិការឯកឧត្តមមេបញ្ជាការកងទ័ពជើងគោកឧបត្ថម្ភវគ្គចំនួន ៥លានរៀលផងដែរ៕
ដោយ៖សហការី