កណ្ដាល: ជនសង្ស័យម្នាក់ បន្លំខ្លួនជាកម្មករចូលទៅក្នុងរោងចក្រ រួចធ្វើសកម្មភាពលួចម៉ូតូរបស់កម្មករបណ្ដើរចេញមកក្រៅ តែត្រូវសន្តិសុខសង្ស័យសួរនាំ ធ្វើឲ្យជនសង្ស័យភ័យ ក៏រត់គេចខ្លួន តែទីបំផុតត្រូវសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងក្របួចជាប់។ករណីនេះ បានកើតឡើងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១២និង៣០ នាទី នៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចេង ចាន់ថន ភេទស្រី អាយុ៣៥ ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុក កណ្ដាលស្ទឹង ខេត្តកណ្តាល មុខរបរ កម្មការិនីរោងចក្រ ។ ចំណែកជនសង្ស័យឈ្មោះ ឈន ឈៀង ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ អន្លង់តាសេកលេី ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅភូមិរានថ្ម ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។ដោយឡែកវត្ថុតាងចាប់យករួមមាន៖ម៉ូតូ ០១ គ្រឿងម៉ាកហុងដា C125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ JI 1990 ។(របស់ជនរងគ្រោះ)
ប្រភពដដែលបន្តថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង១១និង៤០នាទី ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ចេញពីផ្ទះជួលរបស់ខ្លួនស្ថិតនៅភូមិ ក្រាំងស្បូវ ឃុំ ព្រះពុទ្ធ មករោងចក្រសាន់បូ ស្ថិតភូមិឃុំកេីតហេតុខាងលើ ដេីម្បីធ្វើការដូចរាល់ថ្ងៃ ហេីយបានជិះម៉ូតូចូលទៅក្នុងរោងចក្រ និងបានយកម៉ូតូទៅទុកកន្លែងដាក់ម៉ូតូដោយពុំបានចាក់សោទេ រួចដេីរចូលទៅធ្វើការបាត់ ពេលនោះជនសង្ស័យកំពុងឈរនៅមុខរោងចក្រ ហើយបានជួបអ្នកស្គាល់អ្នកធ្លាប់ធ្វើការជាមួយគ្នា ក៏បានជិះម៉ូតូមកដល់ ភ្លាមនោះជនសង្ស័យបានសុំជិះជាមួយចូលទៅក្នុងក្នុងរោងចក្រ កន្លែងដាក់ម៉ូតូពេលនោះជនសង្ស័យបានឃេីញម៉ូតូរបស់ជនរងគ្រោះទុកមិនចាក់សោ ក៏ធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះបណ្តេីរចេញមកខាងក្រៅ ពេលដល់ចំណុចប៉ុស្តិ៍យាមសន្តិសុខរបស់រោងចក្រសាន់បូ បានសួរទៅជនសង្ស័យថាម៉ូតូកេីតអី ពេលនោះជនសង្ស័យបានប្រាប់សន្តិសុខថាម៉ូតូអស់សាំង ដោយមានការសង្ស័យសន្តិសុខសួររកសោម៉ូតូ ភ្លាមនោះជនសង្ស័យបានផ្តួលម៉ូតូរត់គេច ត្រូវបានកម្លាំងប្រជាការពារ និងកម្លាំងនគរបាលស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំង អាវុធហត្ថស្រុកកណ្តាលស្ទឹង ធ្វើការពួនស្ទាក់រុករក ហេីយបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕