ចូលក្នុងរោងចក្រលួចម៉ូតូកម្មករមិនបានសម្រេចត្រូវសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងក្របួចជាប់

ចែករំលែក៖

កណ្ដាល: ជនសង្ស័យម្នាក់ បន្លំខ្លួនជាកម្មករចូលទៅក្នុងរោងចក្រ រួចធ្វើសកម្មភាពលួចម៉ូតូរបស់កម្មករបណ្ដើរចេញមកក្រៅ តែត្រូវសន្តិសុខសង្ស័យសួរនាំ ធ្វើឲ្យជនសង្ស័យភ័យ ក៏រត់គេចខ្លួន តែទីបំផុតត្រូវសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងក្របួចជាប់។ករណីនេះ បានកើតឡើងថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២២​ វេលា​ម៉ោង១២និង៣០ នាទី​ នៅភូមិ​ជ័យជំនះ​​ ឃុំ​សៀមរាប​ ស្រុកកណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ​ ចេង​ ចាន់ថន​ ភេទ​ស្រី​ អាយុ៣៥ ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​ក្រាំង​ស្បូវ​ ឃុំ​ព្រះពុទ្ធ​ ស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​កណ្តាល​ មុខរបរ​ កម្មការិនី​រោងចក្រ​ ។ ចំណែកជនសង្ស័យឈ្មោះ​ ឈន​ ឈៀង ភេទប្រុស អាយុ​៣០ឆ្នាំ មានទីលំនៅភូមិ​ អន្លង់​តាសេកលេី​ ឃុំ​ ព្រែក​អំបិល​ ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិរានថ្ម​ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល មុខរបរ មិនពិតប្រាកដ​ (ឃាត់ខ្លួន)។ដោយឡែកវត្ថុតាងចាប់យករួមមាន៖ម៉ូតូ ០១ គ្រឿងម៉ាកហុងដា C125 ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២២​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ JI 1990 ។(របស់​ជនរងគ្រោះ​)
​ ប្រភពដដែលបន្តថា នៅថ្ងៃទី​២៣​ ខែ​កក្កដា​ ឆ្នាំ​ ២០២២​ វេលា​ម៉ោង​១១និង៤០នាទី​ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ ចេញ​ពីផ្ទះ​ជួល​របស់​ខ្លួន​ស្ថិត​នៅ​ភូមិ​ ក្រាំង​ស្បូវ​ ឃុំ​ ព្រះពុទ្ធ​ មករោងចក្រ​សាន់បូ​ ស្ថិត​ភូមិ​ឃុំកេីតហេតុ​ខាង​លើ​ ដេីម្បី​ធ្វើ​ការ​ដូច​រាល់​ថ្ងៃ​ ហេីយបាន​ជិះ​ម៉ូតូ​ចូល​ទៅក្នុង​រោងចក្រ​ និង​បាន​យកម៉ូតូ​ទៅទុកកន្លែងដាក់ម៉ូតូ​ដោយពុំ​បាន​ចាក់​សោ​​ទេ​ រួច​ដេីរចូល​ទៅធ្វើ​ការ​បាត់​ ពេលនោះ​ជនសង្ស័យ​កំពុង​ឈរ​នៅមុខរោងចក្រ​ ហើយបានជួបអ្នកស្គាល់អ្នកធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​ ក៏បានជិះ​ម៉ូតូ​មកដល់​ ភ្លាម​នោះ​ជនសង្ស័យ​បាន​សុំជិះ​ជាមួយ​ចូល​ទៅក្នុង​ក្នុង​រោងចក្រ​ កន្លែង​ដាក់​ម៉ូតូ​ពេល​នោះ​ជនសង្ស័យ​បាន​ឃេីញ​ម៉ូតូ​របស់​ជនរងគ្រោះ​ទុក​មិន​ចាក់​សោ​ ក៏​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​បណ្តេីរ​ចេញ​មក​ខាង​ក្រៅ​ ពេល​ដល់​ចំណុច​ប៉ុស្តិ៍​យាម​សន្តិសុខ​របស់​រោងចក្រ​សាន់បូ​ បាន​សួរទៅ​ជនសង្ស័យ​ថា​ម៉ូតូ​កេីត​អី​ ពេល​នោះ​ជនសង្ស័យ​បាន​ប្រាប់​សន្តិសុខ​ថា​ម៉ូតូ​អស់សាំង​ ដោយមាន​ការ​សង្ស័យ​សន្តិសុខ​សួរ​រក​សោម៉ូតូ​ ភ្លាម​នោះ​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​រត់គេច​ ត្រូវ​បាន​កម្លាំង​ប្រជាការពារ​ និង​កម្លាំង​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ សហការ​ជាមួយ​កម្លាំង​ អាវុធ​ហត្ថ​ស្រុកកណ្តាល​ស្ទឹង​ ធ្វើ​ការ​ពួន​ស្ទាក់រុករក​ ហេីយបាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ដេីម្បី​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី​ច្បាប់​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print