ឃាត់ខ្លួន​អ្នកនេសាទ​ចំនួន​៣​នាក់​ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ឧបករណ៍ឆក់​ត្រីខុសច្បាប់​

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អធិការដ្ឋាននគរបាលស្រុកបាកាន​ នៃស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ បានឱ្យដឹងនៅរសៀលថ្ងៃ​អាទិត្យ​ទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយដូនកែវ​ បានឃាត់ខ្លួន​អ្នកនេសាទ​ចំនួន​៣​នាក់ នៅចំណុច​ទំនប់​តា​ចាន់ ក្នុងភូមិ​និគម​ន៍​លើ ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២៣​ កក្កដា​ម្សិលមិញនេះ​ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សកម្មភាព​នេសាទ​ប្រើប្រាស់​ឧបករណ៍ ឆក់​ត្រី ខុសច្បាប់​។

របាយការណ៍​ដដែល​បន្តថា​ អ្នកនេសាទ​ខុសច្បាប់​ទាំង​៣​នាក់​​រួម​មាន៖ ទី១,ឈ្មោះ ផ​ន វាសនា ,ទី២ឈ្មោះ ពូក កែវ និងទី​៣,ឈ្មោះ បឿន សម្បត្តិ ពួកគាត់​ទាំង​៣នាក់នេះ​រស់នៅ​ភូមិ​និគម​ន៍​លើ ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន​។ ខណៈដែលពួកគេ​ឃើញ​សមត្ថកិច្ចភ្លាម​ ក៏នាំគ្នាទម្លាក់​ឧបករណ៍​ឆក់​ត្រី​ចោល រួច​រត់​យ៉ាង​លឿន​​បាត់​ស្រមោល​តែ​ម្តង។ ​ប៉ុន្តែ​ទោះបីព្យាយាមរត់គេចខ្លួនយ៉ាងណា​ សមត្ថកិច្ច​បានស្គាល់​អត្តសញ្ញាណ​ពួកគេ​​ទាំង​៣​នាក់​នេះរស់នៅក្បែរទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​ ទេីប​សមត្ថកិច្ច​ក៏​បាន​ទៅ​នាំ​ខ្លួន​ពួក​គេ​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយដូនកែវតែម្តង។

ចំណែក​វត្ថុ​តាង​សមត្ថកិច្ច​ដកហូត​​បានរួមមាន៖​ ​ដុំ​ឆក់​ត្រី​០១​គ្រឿង​, អា​គុយ​ធុន ៤០​អាំ​ពែរ ០១​គ្រឿង និង​ដង​ឆក់​ត្រី​ធ្វើ​ពី​ប្ញ​ស្សី ចំនួន​០១​គូ​រ​។

គួរបញ្ជាក់ថា​ ក្រោយពីកម្លាំងជំនាញ​ឃាត់ខ្លួន​អ្នកនេសាទ​ទាំង​៣​នាក់​នេះ​ គ្រាន់តែ​យកមកធ្វើការ​ណែនាំ​ ​កិច្ចសន្យា​ និងអប់រំមិនឱ្យ​ប្រព្រឹត្តិ​បទ​ល្មើស​ដូច្នេះ​ទៀត​ រួច​ក៏​អនុញ្ញាតឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​។ ព្រោះ​តែ​ពួកគេ​គ្រាន់​តែ​ឆក់​ត្រី​ក្នុង​ស្រែ ក្រោយ​ម៉ាស៊ីន​ច្រូត​ស្រូវនោះទេ​ រីឯ​ឧបករណ៍​នេសាទ​ខុសច្បាប់​វិញ ត្រូវ​រក្សា​ទុក​នៅ​ប៉ុស្តិ៍នគរបាល​ស្វាយដូនកែវ​៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print