ភ្នំពេញ៖ លោក ហ៊ុយវណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានបង្ហោះលើ facebook ផ្លូវការរបស់លោកនៅព្រឹកថ្ងៃចន្ទទី២៥ ខែកក្កដា ឆ្នាំ២០២២យ៉ាងដូច្នេះថា៖ ទូន្មានប្អូនៗក្នុងនាមខ្មែរបន្តិចទៅចុះ! ពួកប្អូនៗចង់បាន «សេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ» ប៉ុន្តែ ទង្វើពួកប្អូនៗខ្លួនឯង បែរជាខ្វះវិចារណញាណនិងខ្សោយក្រមសីលធម៌ ផ្សាយទាំងងងិតឈឹង ផ្សាយខុសទាំងស្រុង ហើយគ្មានសួរ បង សូម្បី១ម៉ាត់ ដើម្បីផ្ទៀងផ្ទាត់។
លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់បន្ថែមថា ក្បួនកាសែត គេនិយាយអំពី៖ «ការពិត សុច្ចរិតភាព និង តុល្យភាព» ហើយបើសូម្បីគោលការណ៍៣ចំណុចនេះ ប្អូនៗភ្លេចខ្លួនធ្វើមិនបានផង តើប្អូនមានឧត្តមគតិរឹងប៉ឹងរបៀបណា ដើម្បីការពារផលប្រយោជន៍ខ្មែរ?
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជារូបនេះ បានបញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំយើង ដែលផ្តល់ជំនួយផ្ទាល់ខ្លួនដល់ការងារសម្រាប់សង្គមជាតិយើងគឺជាផ្នែកមួយ ហើយគួរចងចាំថា ថ្នាក់ដឹកនាំយើងដែលមានគុណសង្គ្រោះអាយុជីវិតឪពុកម្តាយប្អូនៗ គឺរឹតតែធំជាងនេះ។ ចំពោះ បង ដែលធ្លាប់ធ្វើឆ្មបបង្កើតអង្គភាពរបស់ប្អូនៗ ទូន្មានប្អូនៗថា៖ «បង មិនឯករាជ្យចេញពីផលប្រយោជន៍ខ្មែរនោះទេ»៕
ដោយ៖ស តារា