ខេត្តកំពត៖ បុរសជាបុគ្គលិកឥណទានមីក្រូហិរញ្ញវត្ថុ«អម្រឹត» ម្នាក់ត្រូវបានជនសង្ស័យជាម្ចាស់ផ្ទះអារកសម្លាប់ដ៏សាហាវឃោឃៅ ខណៈបុគ្គលិករូបនេះចុះមកកាន់លំនៅដ្ឋានជនសង្ស័យដើម្បីពិភាក្សាគ្នារឿងដាក់ប្រាក់សន្សំ ។ ក្រោយពីធ្វើសកម្មភាពជនសង្ស័យបានរត់ឡើងលើដំបូលផ្ទះ។
Updated: នៅម៉ោង៣និង៣៥នាទីរសៀល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាឃាតក អារ.កសម្លាប់បុគ្គលិកឥណទានមីក្រូហិរញ្ញវត្ថុ«អម្រឹត»បានហើយ
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទីថ្ងៃត្រង់ទី១០ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិប្រមូល ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការឡោមព័ទ្ធជុំវិញបរិវេណផ្ទះជនសង្ស័យ និងបង្ខំឲ្យចុះពីលើដំបូលផ្ទះដើម្បីប្រគល់ខ្លួនឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។
តាមសេចក្ដីរាយការណ៍នៅទីនោះបានឲ្យដឹងថា ជនរងគ្រោះជាបុគ្គលិកឥណទានមីក្រូហិរញ្ញវត្ថុ «អម្រឹត»មានឈ្មោះជីន បុរិន អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិត្នោតរលើង ឃុំវត្តអង្គរខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែកជនសង្ស័យមានឈ្មោះ ប្រុក វិត អាយុ៤៧ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីធ្វើសកម្មភាព ជនសង្ស័យបានរត់ចូលទៅក្នុងផ្ទះជាមួយនិងដៃកាន់កាំបិត ហើយអ្នកជិតខាងរួមទាំងសមត្ថកិច្ចក៏បានទៅកាន់ទីនោះដើម្បីជួយអន្តរាគមន៍សង្គ្រោះជនរងគ្រោះ ប៉ុន្តែដោយស្ថានភាពមុខរបួសធ្ងន់ធ្ងរជនរងគ្រោះបានស្លាប់ ក្រោយមកជនសង្ស័យនៅវេលាម៉ោង២ និង១៥នាទីរត់គេចពីក្នុងផ្ទះឡើងទៅលើដំបូលដែលពេលនេះសមត្ថកិច្ចកំពុងឡោមព័ទ្ធ។
ប្រភពនៅទីនោះបញ្ជាក់ថា ជនបង្កគឺជាមនុស្សសតិមិនគ្រប់ អាចខាងបុគ្គលិកឥណទានមីក្រូហិរញ្ញវត្ថុ«អម្រឹត» ដែលចុះមកបំពេញការរបស់ខ្លួន ពុំបានសិក្សាលម្អិតអំពីស្ថានភាព បុគ្គលិកលក្ខណៈរបស់ម្ចាស់ផ្ទះក៏អាចថាបាន៕
ដោយ៖ សុខ ខេមរា