ភ្នំពេញ៖ បច្ចុប្បន្ននេះ មានរូបីយវត្ថុអាមេរិក ចំនួន ១,៤ លានលានដុល្លារ កំពុងធ្វើចរាចរ ហើយក្រុមប្រឹក្សាភិបាលរូបីយវត្ថុបំរុង សហព័ន្ធ ប៉ាន់ប្រមាណ ឃើញថា ក្នុងចំនួនចន្លោះពីពាក់កណ្តាល ទៅ ២ ភាគ៣ នៃតំលៃរូបីយវត្ថុទាំងអស់ របស់សហរដ្ឋអាមេរិក ធ្វើចរាចរ នៅក្រៅសហរដ្ឋអាមេរិក។ ដើម្បីធានាថា អ្នកប្រើប្រាស់និងក្រុមហ៊ុន នៅជុំវិញពិភពលោកដឹងវិធីសំគាល់ប្រាក់ដុល្លារ ពិតប្រាកដ ហើយរាយការណ៍ពីប្រាក់ដុល្លារ ដែលសង្ស័យថា ក្លែងក្លាយ កម្មវិធីអប់រំ ស្តីពីរូបីយវត្ថុសហរដ្ឋអាមេរិក របស់ក្រុមប្រឹក្សា ភិបាល សហព័ន្ធ ស្តីពីរូបីយវត្ថុបំរុង ធ្វើការចុះអប់រំជាអន្តរជាតិ។
លោក ម៉ៃឃើល លេមបឺត (Michael Lambert) នាយកក្រដាសប្រាក់ នៃក្រុមប្រឹក្សាភិបាល នៃប្រព័ន្ធ រតនាគារ នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងក្នុងកម្មវិធីប្រាប់ពីរបៀបមើលលុយក្លែងក្លាយ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ថា រដ្ឋាភិបាលអាមេរិកមានគោលការណ៍កំណត់ថា គ្រប់ដុល្លារអាមេរិកចាស់ៗទាំងអស់នៅតែអាចប្រើប្រាស់បាន ដោយមិនគិត អំពីកាលបរិច្ឆេទ ដែលក្រដាសទាំងនោះចេញទេ។ គោលនយោបាយនេះរួមបញ្ចូល ក្រដាសប្រាក់ធនាគារកណ្តាលអាមេរិក ទាំងអស់ ចាប់ពីឆ្នាំ១៩១៤ ដល់បច្ចុប្បន្ន។
លោក ម៉ៃឃើល លេមបឺត ថ្លែងបន្តថា ទន្ទឹមនឹងការចរាចរដ៏សម្បើមនៃរូបិយប័ណ្ណអាមេរិកនេះ ក៏មានក្រុមជនទុច្ចរិត កំពុងព្យាយាមផលិតនូវក្រដាសប្រាក់ដុល្លារក្លែងក្លាយ បន្លំចរាចរនៅតាមបណ្ដាប្រទេសនានាក្នុងពិភពលោកផងដែរ។
ទោះជាយ៉ាងណា ដើម្បីកំណត់ក្រដាសប្រាក់ដុល្លារពិតប្រាកដ ឬក្លែងក្លាយ លោក លេមប៊ឺត បានប្រាប់ថា គឺត្រូវពឹងផ្អែកលើលក្ខណៈសុវត្ថិភាពនៅលើក្រដាសប្រាក់នោះ ដូចជា រូបព្រាលៗ និងទឹកថ្នាំប្ដូរពណ៌ ហើយក៏មានវិធីសាស្ត្រដ៏សាមញ្ញ៣យ៉ាង ក្នុងការសម្គាល់អំពីក្រដាសប្រាក់ពិត។
លោកបន្ថែមទៀតថា វិធីទាំង៣យ៉ាងនោះ ទី១-ការស្ទាប ឬប៉ះក្រដាសប្រាក់ដោយផ្ទាល់/(Feel the paper) នេះ គឺមានន័យថា អ្នកត្រូវស្ទាប ឬប៉ះលើក្រដាសប្រាក់វាមានលក្ខណៈគ្រើមៗ ដែលជាលទ្ធផលនៃការបោះពុម្ព ហើយវាដូចជាធម្មជាតិតែម្ដង ទី២ – គន្លាស់ក្រដាសប្រាក់ (Tilt the note) គឺគ្រលាស់ដើម្បីអាចមើលឃើញពីការផ្លាស់ប្ដូរនៃពណ៌នៅលើក្រដាសប្រាក់ ដែលជាទូទៅប្ដូរពីពណ៌មាសទៅជាបៃតង សម្រាប់ក្រដាសប្រាក់១០០ដុល្លារ បោះពុម្ពចាប់ពីឆ្នាំ២០០៤ ហើយប្ដូរពីពណ៌ខ្មៅទៅបៃតង សម្រាប់ក្រដាសប្រាក់១០០ដុល្លារ បោះពុម្ពមុនឆ្នាំ២០០៤ រីឯវិធីទី៣-ពិនិត្យដោយពន្លឺ (Check with light) គឺត្រូវពិនិត្យមើលដោយពន្លឺ ដែលអាចឲ្យយើងឃើញពីទឹកថ្នាំទាំងសងខាង ដែលត្រូវបានចាក់បញ្ជូលទៅក្នុងក្រដាសប្រាក់។
ដោយឡែក ចំពោះក្រដាសប្រាក់១០០ដុល្លារ បោះពុម្ពចាប់ពីឆ្នាំ២០០៤ លោក ម៉ៃឃើល លេមប៊ឺត បានបញ្ជាក់បន្ថែមថា វាមានលក្ខណៈសុវត្ថិភាពពិសេសជាងគេង ព្រោះវាត្រូវបានបោះពុម្ពឡើងដោយភ្ជាប់ជាមួយខ្សែសុវត្ថិភាពពណ៌បៃតង ជាលក្ខណៈ3D។ ខ្សែសុវត្ថិភាពបៃតងនេះ នៅពេលគ្រលាស់ក្រដាសប្រាក់ លោកអ្នកអាចនឹងឃើញលេខ១០០ ឬក៏ជួង រត់ពីលើទៅក្រោម ឬពីក្រោមទៅលើ អាស្រ័យលើការគ្រលាស់ ដែលនេះហៅថា 3D ប៉ុន្តែបើមិនឃើញលេខ១០០ ឬជួងទេ នោះគឺជាក្រដាសប្រាក់ក្លែងក្លាយ។
គួរជម្រាបផងដែរថា សិក្ខាសាលាកាលពីព្រឹកមិញនេះ រៀបចំឡើងដើម្បីអប់រំដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងស្ថាប័នអនុវត្តច្បាប់ អំពីលក្ខណៈពិសេស និងការផលិតក្រដាសប្រាក់របស់អាមេរិក ពិតប្រាកដ ព្រមទាំងវិធីក្នុងការចំណាំ និងរាយការណ៍អំពីប្រាក់ដុល្លារអាមេរិក ក្លែងក្លែង។ ប្រសិនបើអ្នកសង្ស័យ អ្នកទទួលបានក្រដាសប្រាក់ក្លែងក្លាយ សូមទាក់ទងនាយកដ្ឋាននគរបាលតាមមូលដ្ឋាន ឬការិយាល័យចារកិច្ចអាមេរិក នៅទីក្រុងបាងកក៕
ដោយ៖ ស ដារ៉ា