ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថានៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ពាក់ព័ន្ធសុំណុំរឿងនារីម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាង៥២គីឡូក្រាមត្រូវបាន តំណាងអយ្យការចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនត្រូវចោទរូបនេះត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២។
សូមបញ្ជាក់ថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីថ្ងៃទី២១ ខែ០៧ ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី កម្លាំងជំនាញ(ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ សាន សុទ្ធី.លោក វរសេនីយ៍ឯក មាស ហត.លោកវរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ(ក៥) មានការចូលរួមពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក សុិត វណ្ណ: ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅចំណុច មុខបន្ទប់ជួល C04 ផ្លូវបេតុង ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែងឯង ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ និងឆែកឆេរក្នុងបន្ទប់ខាងលើ ដែលជនល្មើសស្នាក់នៅ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆន សុខា ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ។ រួមទាំងវត្ថុតាងរួមមាន មេតំហ្វេតាមីន(ICE)ទម្ងន់ជាង ៥២ គីឡូក្រាម។
បច្ចុប្បន្ន ជនត្រូវចោទ កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរកំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរនៅឡើយ ៕
ដោយ រ៉ារ៉ា