ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធបទល្មើស ជួញដូគ្រឿងញៀនជាង៤៥គីឡូក្រាមទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវីធីច្បាប់។
សូមបញ្ជាក់ថា ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿង ញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
កាលពីវេលាម៉ោង១ និង ៣០នាទី កម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា. លោក វរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្វីរ.លោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ(ក១០) មានការចូលរួមពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក អ៊ុំ សុភ័ក្រ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត និង ស្រាវជ្រាវ ឈានដល់បង្ក្រាប៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ៖
គោលដៅទី១.នៅចំណុចបន្ទប់លេខ C3-1521 ជាន់ទី១៥ ខុនដូអូឡាំព្យា តាមបណ្តោយផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ ៧មករា ។
គោលដៅទី២.នៅបន្ទប់លេខ C4-1103 ជាន់ទី១១ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។ គោលដៅទី៣.បន្ទប់លេខ C4-1219 ជាន់ទី១២ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។ គោលដៅទី៤: នៅចំណុច បន្ទប់លេខ៨៧០៨ ជាន់ទី៦ សណ្ឋាគារចយ ផ្លូវលេខ១៨២ សង្កាត់អូរប្ញស្សី ៧មករា ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ HU FENGWEN ភេទប្រុស អាយុ៣៣ ឆ្នាំ ជាជនជាតិ ចិន ។ និងវត្ថុតាងរួមមាន ៖ សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA)ទម្ងន់ ៧ គីឡូ ១៥០.១៦ក្រាម ។ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE)ទម្ងន់ ១៤ គីឡូ ០២៤ក្រាម ។ សារធាតុញៀនប្រភេទ កេតាមីន (KETAMIN)ទម្ងន់ ២៤ គីឡូ ៣៨០ក្រាម ។ សារធាតុញៀនប្រភេទ នីមេតាហ្សេប៉ា (NIMETAZEPAM) ទម្ងន់ ១៤៤ ក្រាម ។ សរុបសារធាតុញៀនទាំងអស់មានទម្ងន់ ៤៥ គីឡូ ៦៩៨.១៦ ក្រាម ។ កញ្ឆា ៤០៨ ក្រាម ។ សារធាតុគីមី ២៥ គីឡូ ១៥៣.៣៨ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យកំពងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ ៕
ដោយ រ៉ារ៉ា