លោកឃួង ស្រេង ជំរុញឱ្យមន្ដ្រីជំនាញ បើកការដ្ឋានសាងសង់ភ្លាមចំពោះការបាក់ច្រាំងទន្លេនៅភូមិព្រែកតាគង់ សង្កាត់ ព្រែកតាសេក

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ដ្រីជំនាញ បើកការដ្ឋានសាងសង់ភ្លាមចំពោះការ បាក់ច្រាំងទន្លេនៅភូមិព្រែកតាគង់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញបែបនេះខណៈដែលលោកចុះពិនិត្យការបាក់ច្រាំងទន្លេនៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក នាថ្ងៃ២២៦ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីឆ្លើយតបទៅតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ព្រោះតែគ្មានផ្លូវដើរចេញចូលផ្ទះរបស់ពួកគាត់។
លោកឃួង ស្រេង បានបញ្ជាក់ថា៖ ការបាក់ច្រាំងទន្លេនៅសង្កាត់ព្រែកតាសេកនេះ មន្ត្រីជំនាញត្រូវសិក្សាឱ្យបានម៉ត់ចត់ ហើយក្រុមការងារត្រូវធ្វើការអនុវត្តការងារ នៅថ្ងៃទី២៧ខែកក្កដាស្អែកនេះទៅ ដើម្បីដោះស្រាយកង្វល់និងការធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ។
លោកអឿ ស៊ីផុន ចៅសង្កាត់ព្រែកតាសេកបានបញ្ជាក់ថា៖ ច្រាំងទន្លេដែលបាក់ចូលទៅក្នុងទន្លេនៅចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេកនេះ បានបាក់ចំនួន៣ដងជាបន្តបន្ទាប់គ្នា ប្រមាណជិត៥ខែមកហើយ ហើយក៏ត្រូវបានអាជ្ញាធរនិងប្រជាពលរដ្ឋសហការគ្នាទប់ជាបណ្តោះអាសន្នដើម្បីកុំឱ្យបាក់ផ្ទះប្រជាពលរដ្ឋចូលទៅក្នុងទន្លេទៀត។
ចំពោះមូលហេតុនៃការបាក់ច្រាំងទន្លេនេះ លោកអឿ ស៊ីផុន ក៏បានបញ្ជាក់ផងដែរថា គឺបណ្តាលមកពីដីជ្រាបទឹកចេញពីព្រែកតាគង់ធ្វើឱ្យដីផ្នែកខាងក្រោមជ្រាយ ឈានទៅដល់ការបាក់តែម្តង។
ចំពោះការងារដែលត្រូវអនុវត្ត ដោយសារតែទឹកទន្លេសាបនៅទាបគឺ អាចដំណើរការលើការងារនេះបាន ដោយទី១ត្រូវប្រើថ្មតូចធំចាក់ទប់នៅបាតច្រាំងទន្លេ, ទី២កាយយកដីស្អុយចេញ, ទី៣ចាក់ខ្សាច់ក្រាលពីក្រោម និងទី៤ចាក់ដីពីលើបំពេញផ្លូវដែលបាក់នេះតែម្តង ហើយផ្លូវដែលបាក់នេះមានប្រវែង ៩០ម៉ែត្រត្រូវចាក់បំពេញ។
នៅក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានចូលជួបលោកឃួង ស្រេង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកអភិបាលរាជធានីដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺបានជួយទប់ច្រាំងទន្លេដែលបាក់នេះឡើងវិញ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print