ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី២៥ខែកក្កដាបានប្រកាសថា រុស្ស៊ីបានវាយប្រហារកម្ទេចឃ្លាំងអាវុធដែលអាមេរិកផ្តល់ឲ្យអ៊ុយក្រែន ក្នុងនោះមានអាវុធធុនធ្ងន់ ។
សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ បានផ្សាយថា ក្នុងពេលនេះដែររុស្ស៊ី ក៏បាន វាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែតំបន់ Mykolaiv នៅភាគខាងត្បូងអ៊ុយក្រែន។ អភិបាលតំបន់ ម៉ាយកូលីវ (Mykolaiv) លោក អូឡេកសាន់ដឺ សេនកេវិច (Oleksandr Senkevich) បាននិយាយនៅថ្ងៃអង្គារនេះថា កងកម្លាំងរុស្ស៉ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់តំបន់ Mykolaiv ដែលស្ថិតនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។
ថ្លែងតាមទូរទស្សន៍រដ្ឋអ៊ុយក្រែន លោក សេនកេវិច បាននិយាយថា «ការបាញ់មីស៉ីលដ៏សម្បើមមួយចេញពីសមុទ្រខ្មៅ បានសំដៅមកលើភាគខាងត្បូងអ៊ុយក្រែន តាមរយៈការប្រើប្រាស់យន្តហោះ» ប៉ុន្តែលោក សេនកេវិច មិនបានបញ្ជាក់លម្អិត អំពីផលប៉ះពាល់ ដែលកើតឡើងក្រោយការវាយប្រហារនោះទេ។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន រុស្ស៉ីបានវាយប្រហារកំពង់ផែទីក្រុង អូដេសា (Odesa) ដែលស្ថិតនៅឯភាគខាងត្បូងរបស់អ៊ុយក្រែនដូចគ្នា ដែលនាំឲ្យមានក្តីបារម្ភ ចំពោះគម្រោងនៃការនាំចេញ គ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។
កិច្ចព្រមព្រៀងដើម្បីនាំចេញគ្រាប់ធញ្ញជាតិ ត្រូវសម្រេចបានកាលពីសប្តាហ៍មុន ក្នុងគោលបំណងអនុញ្ញាតឲ្យមាន ការធ្វើដំណើរប្រកបដោយសុវត្ថិភាព សម្រាប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិចូល និងចេញពីកំពង់ផែរបស់អ៊ុយក្រែន ដែលត្រូវបានរារាំងដោយរុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ។ កន្លងមក រុស្ស៉ីធ្លាប់បន្ទោសអ៊ុយក្រែនថា បានធ្វើឱ្យការដឹកជញ្ជូនមានភាពរាំងស្ទះ តាមរយៈការដាក់ពង្រាយគ្រាប់មីន នៅក្នុងផ្ទៃទឹកតាមកំពង់ផែរបស់ខ្លួន៕ ដោយធីរីណា
រូបថត : RT