ខេត្តបន្ទាយមានជ័យ : លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន ប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេសចំនួន ៣៨,៥៨៤,៥០០រៀល ជូនគ្រួសារសព លោកអនុសេនីយ៍ទោ ស៊ឹង ស៊ីផុន ជំនួយការការិយាល័យផែនការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលទទួលរមណៈភាព កាលពីថ្ងៃអាទិត្យទី២៩ ខែឧសភា ឆ្នាំ២០២២កន្លងមកនេះ ។
សូមបញ្ជាក់ថា, ៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសារសពលោកអនុសេនីយ៍ទោ ស៊ឹង ស៊ីផុន ជំនួយការការិយាល័យផែនការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេសចំនួន ៣៨,៥៨៤,៥០០រៀល(សាមសិបប្រាំបីលាន ប្រាំសែនប្រាំបីម៉ឺន ប្រាំរយរៀល) ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានចូលរួមសម្តែងនូវរមណៈទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារលោកអនុសេនីយ៍ទោ ស៊ឹង ស៊ីផុន ដែលបានលាចាកឆ្ងាយពីក្រុមគ្រួសារគ្មានថ្ងៃវិលត្រលប់ចោលប្រពន្ធនិងកូន បងប្អូនសាច់ញាតិទាំងក្តីអាឡោះអាល័យជាទីបំផុត។
ក្នុងនាមអាវុធហត្ថ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែគិតគូរសុខទុក្ខជីវភាពរបស់មន្ត្រីអាវុធហត្ថក្រោមឱវាទ និងបានបង្កេីតជាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស ដើម្បីជួយដល់មន្ត្រីអាវុធហត្ថដែលជួបបញ្ហាគ្រោះថ្នាក់ផ្សេងៗ ពិសេសមន្ត្រីអាវុធហត្ថ ដែលពលី-មរណៈ ដេីម្បីកៀរគរថវិកាចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ ។
សូមបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទៅចូលរួមបុណ្យសពដោយផ្ទាល់ ចំនួន១៥,០០០,០០០រៀល(ដប់ប្រាំលានរៀល) ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រគល់ថវិកាបន្ថែមចំនួន២៣,៥៨៤,៥០០រៀល(ម្ភៃបីលាន ប្រាំសែន ប្រាំបីម៉ឺន បួនពាន់ប្រាំរយរៀល) សរុបថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេសចំនួន៣៨,៥៨៤,៥០០រៀល៕
ដោយ : សិលា