សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនលោកស្រី Folakemi Akinleye ឯកអគ្គរដ្ឋទូត នីហ្សេរីយ៉ា ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ : សូមបញ្ជាក់ថា, លើផេកផ្លូវការសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា, នារសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកស្រី Folakemi Akinleye ឯកអគ្គរដ្ឋទូត នីហ្សេរីយ៉ា ចូលជួបសម្តែងការគួរសម។

សម្ដេចក្រឡាហោម បានស្វាគមន៍លោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសនីហ្សេរីយ៉ាប្រចាំកម្ពុជា ហើយសម្ដេចជឿជាក់ថា ទោះបីជាមកដល់ពេលនេះប្រទេសទាំងពីរ ពុំទាន់មានកិច្ចសហប្រតិបត្តិការច្រើនជាមួយគ្នាក៏ដោយ ក៏ប៉ុន្តែតាមរយៈការបន្តអាណត្តិការទូតរបស់លោកជំទាវ ភាគីទាំងពីរសង្ឃឹម និងជឿជាក់ថា ភាគីទាំងពីរនឹងបន្តពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត។

ជាការឆ្លើយតបលោកស្រី Folakemi Akinleye ឯកអគ្គរដ្ឋទូតនីហ្សេរីយ៉ា បានថ្លែងអំណរគុណ និងជម្រាបជូនសម្ដេចក្រឡាហោម អំពីការថ្វាយសារតាំងថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង កាលពីខែឧសភា ឆ្នាំ២០២២។ លោកស្រីបានឯកភាពចំពោះការលើកឡើងរបស់សម្ដេចដែលថា ប្រទេសទាំងពីរ ទោះបីមិនទាន់មានកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យច្រើនក៏ដោយ ក៏ប៉ុន្តែនៅក្នុងអាណត្តិការទូតនេះ លោកជំទាវនឹងខិតខំស្វែងរកឱកាសដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរីកចម្រើនថែមទៀតរវាងប្រទេសទាំងពីរ។

ដោយឡែកចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ លោកស្រីក៏បានជម្រាបជូនសម្ដេចអំពីគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការងារស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ព្រោះបច្ចុប្បន្ន ប្រជាពលរដ្ឋនីហ្សេរីយ៉ាមានចំនួនកាន់តែច្រើនបានធ្វើដំណើរមកកាន់កម្ពុជា មានទាំងអ្នកទេសចរ និងអ្នកប្រកបមុខរបរក្នុងវិស័យផ្សេងផ្សេង។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់លោកជំទាវអំពីគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជារួម និងជាមួយក្រសួងមហាផ្ទៃនិយាយដោយឡែក។ សម្ដេចក្រឡាហោម ក៏បានលើកឡើងជាគំនិតផ្ដួចផ្ដើមដែលភាគីទាំងពីរអាចពិនិត្យលទ្ធភាពក្នុងការរៀបចំយន្តការសហប្រតិបត្តិការជាទម្រង់អនុស្សារណៈ ឬក៏កិច្ចព្រមព្រៀងជាមួយគ្នាដែលអាចផ្តល់លទ្ធភាពដល់ភាគីទាំងពីរ ក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការទៅលើវិស័យជាផ្នែកដែលភាគីទាំងពីរយល់ឃើញថា មានតម្រូវការចាំបាច់។

ទន្ទឹមនេះដែរ សម្ដេចក្រឡាហោមក៏បាន ការលើកឡើងដែរថាភារកិច្ចស្នូលដ៏ធំមួយនៅក្នុងក្របខ័ណ្ឌនៃសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ គឺការងារសន្តិសុខ ដូច្នេះហើយភាគីទាំងពីរក៏អាចពិនិត្យលទ្ធភាពក្នុងការដាក់បញ្ចូលទៅក្នុងកិច្ចព្រមព្រៀង ឬក៏ជាអនុស្សារណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការក្នុងការងារសន្តិសុខ ជាពិសេសការងារឧក្រិដ្ឋកម្មឆ្លងដែន មានជាអាទិ៍អំពើជួញដូរមនុស្ស ការជួញដូរគ្រឿងញៀនខុសច្បាប់ និងអំពើភេរវកម្មជាដើម។

លោកស្រីឯកអគ្គរដ្ឋទូត បានសម្ដែងនូវសេចក្ដីរីករាយចំពោះគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ក្នុងការរៀបចំឲ្យមានក្របខ័ណ្ឌផ្លូវការនៃកិច្ចសហប្រតិបត្តិការតាមរយៈ MOU ឬកិច្ចព្រមព្រៀងណាមួយរវាងភាគីទាំងពីរ ហើយថាលោកជំទាវក៏ត្រៀមខ្លួនធ្វើកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ រួមទាំងក្រសួងការបរទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាឈានទៅសម្រេចបាននូវគោលដៅរួមនៃគំនិតផ្ដួចផ្ដើមលើឯកសារកិច្ចសហប្រតិបត្តិការផ្លូវការ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print