ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា លោកឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង បានយល់ព្រមប្រគល់ដីចំនួន២២កន្លែងជូនរដ្ឋវិញ។ នេះជាការប្រកាសនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើ ពុករលួយលើកទី១៤ អាណត្តិទី៣របស់ខ្លួនកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា។ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបន្តថា ករណីលោកឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំងបានរងពាក្យបណ្តឹងជាច្រើនពីមន្ត្រីកងទ័ព និងប្រជាជនពាក់ព័ន្ធនឹងករណីដីធ្លី ដែលដីខ្លះមានពាក្យបណ្តឹងរហូតដល់៩ក៏មានដែរ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបន្តទៀតថា ចុងក្រោយនេះលោកឈួរ ច័ន្ទឌឿនបានយល់ព្រមប្រគល់ដីចំនួន ២២កន្លែង ក្នុងនោះមាន២១កន្លែងប្រគល់ជូនរដ្ឋ និង១កន្លែងជូនម្ចាស់ដើមវិញ។ ក្នុងចំណោមដីទាំង២២កន្លែងនោះ មាននៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង២ កន្លែង, ស្រុករលាប្អៀរ២កន្លែង, ស្រុកសាមគ្គីមានជ័យ៦កន្លែង, ស្រុកកំពង់លែង១កន្លែង, ស្រុកទឹកផុស១០ កន្លែង និងស្រុកកំពង់ត្រឡាច១កន្លែង។
ករណីលោកឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំងប្រគល់ដីជូនរដ្ឋ ២២កន្លែងនេះ ត្រូវបានប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំនៅសាលាខេត្តកំពង់ឆ្នាំងនាថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ ២០២២ ដើម្បីជូន ដំណឹងដល់លោកអភិបាលខេត្ត ស៊ុន សុវណ្ណារិទ្ធិ អំពីលទ្ធផលនៃការអង្កេតស្រាវជ្រាវទៅលើករណីគាត់និងការរួមគ្នាដោះស្រាយបញ្ចប់ទាំងស្រុងរាល់ពាក្យប្តឹងមកអង្គភាពប្រឆាំងអំពើពុករលួយដែលមានក្នុងខេត្ត៕
ដោយ៖ សូរិយា