ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្ត Toyota Prius មួយគ្រឿងយ៉ាងលឿន រួចចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកបង្គោលភ្លើងថ្មពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយដើម ឯរថយន្តកល់ជាប់ទៅមុខលែងរួច ដែលបង្កឡើងកាលពីវេលា ម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមសម្ដីសន្តិសុខដែលយាមនៅជិតកន្លែងកើតហេតុនិងឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់ឃើញរថយន្ត toyota prius ពណ៌ស ស៊េរីឆ្នាំ២០០៦ ពាក់ផ្លាកលេខភ្នំពេញ2BJ.3558 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥១៦ ក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ងោកមួយភាំងរ៉េចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកបង្គោលភ្លើងថ្មបាក់អស់មួយដើម។ ដោយរថយន្តបង្កកល់ជាប់ទៅមុខលែងរួច តែក្នុងគ្រោះថ្នាក់ ចរាចរណ៍នេះមិនបណ្ដាលឲ្យនរណា ម្នាក់រងរបួសនោះទេ។ភ្លាមៗអ្នកបើក រថយន្តក៏បានខលប្រាប់សាច់ញាតិមកយកចេញពីកន្លែងកើតហេតុ បាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តទៅរក្សាទុក រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ