សមត្ថកិច្ចនគរបាល៖​ មូលហេតុដែលផ្តើមឲ្យជនសង្ស័យវាយសម្លាប់សិស្សវិទ្យាល័យពងទឹកប្លន់យកទ្រព្យសម្បត្តិគឺដោយសារជនសង្ស័យជំពាក់លុយគេ៧០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ជុំវិញករណីប្លន់សម្លាប់យុវសិស្សវិទ្យាល័យពងទឹក ត្រូវបានសមត្ថកិច្ចប្រាប់ឲ្យដឹងថា ៈផ្តើមឡើងដោយសារជនសង្ស័យជំពាក់លុយគេចំនួន ៧០ដុល្លារ ហើយសុំខ្ចីលុយជនរងគ្រោះមិនបាន ទើបឈានដល់ការវាយសម្លាប់ប្លន់បែបនេះ។

ជនសង្ស័យឈ្មោះ ជុំ វីរៈ ប្រាប់ឲ្យសមត្ថកិច្ចដឹងថា មុនពេលកើតហេតុវេលាម៉ោង៧ ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ រូបគេពុំហ៊ានចូលទៅធ្វើការរោងចក្រនោះទេ ដោយសាររូបគេបានជំពាក់​លុយឈ្មោះ ពេជ្រ ដែលធ្វើការជាមួយគ្នា ចំនួន ៧០ដុល្លារ ហើយរូបគេក៏បានទូរស័ព្ទទៅមិត្ត​ភ័ក្រឈ្មោះ តា និងឈ្មោះ វ័ន្ត នៅបុរីសន្តិភាព២ ។ លុះដល់វេលាម៉ោង ១២ ថ្ងៃដដែល រូបគេក៏បានជិះម៉ូតូ សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១១ បិទតែមឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1AT-5204 ទៅ​ផ្ទះឈ្មោះ តា និងឈ្មោះ វ័ន្ត នៅបុរីសន្តិភាព២ ព្រមទាំងនាំគ្នាទិញ​ ស្រាអាឡិចសង់វិស្គី ចំនួន ២ដប កូកាកូឡា ១ដប មី ២កញ្ចប់ ពេលទិញរួចហើយ ពួកគេទាំង ៣នាក់ ក៏បានជិះម៉ូតូឌុបគ្នាទៅផឹកសីុនៅទីវាលក្រោមដើមឈើមួយកន្លែង ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យសារភាពថា ខណៈកំពុងផឹកសីុរូបគេ ( ជនដៃដល់) ក៏បាននិយាយដំណើររឿងប្រាប់មិត្តភក្រ័ទាំង ២នាក់ ថា រូបគេជំពាក់លុយគេនៅរោងចក្រចំនួន ៧០ដុល្លារ ដោយមិនដឹងបានលុយមកពីណាយកទៅសងគេ ។ ពាក្យសំដីនេះមិនត្រូវបានមិត្តភក្រ័ទាំង ២នាក់ ឆ្លើយតបអ្វីឡើយ ភ្លាម​នោះរូបគេ ក៏នឹកឃើញប្អូនស្រីជីទួតមួយឈ្មោះ វ៉ុន រដ្ឋា (ជនរងរគ្រោះ) ហើយក៏បានតេទូរស័ព្ទហៅ​នាង ដើម្បីខ្ចីលុយ តែនារីរងគ្រោះបានឆ្លើយថា រូបនាងកំពុងរៀន ចាំពេលនាងចេញពីរៀន ទើបនាងទៅ​ជួប ។ រហូតដល់វេលាម៉ោង ១៣ និង៣០នាទី ថ្ងៃដដែល ទើបនាងរងគ្រោះ តេទូរស័ព្ទមកវិញ​ថា នាងកំពុងជិះម៉ូតូម្នាក់ឯង មកដល់ចំណុចបុរីសន្តិភាព២ហើយ ដោយឭបែបនេះ ជនសង្ស័យក៏​នាំគ្នាឈប់ផឹក ហើយជិះឌុបគ្នាទាំង ៣នាក់ទៅរកនាង ពេលបានជួយនាងហើយ ក៏ត្រឡប់មកវិញ ដោយ​រូបគេជិះម៉ូតូរបស់នារីរងគ្រោះ ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ ២០០៧ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-0301ឌុបនាងទៅកាន់កន្លែងផឹកសីុដដែលនោះវិញ ហើយពួកគេទាំង ៣នាក់ ក៏បន្តការផឹកសីុទៀត ដោយនារីរងគ្រោះមិនបានផឹកសីុជាមួយនោះទេ គឺនាងអង្គុយលេងលើតង់​ចាស់ៗ​​ដែលគេទុកចោលនៅក្បែរនោះ ។ ខណៈពេលពួកគេកំពុងអង្គុយផឹកសីុនោះ នារីរងគ្រោះបាន​ទារទៅផ្ទះវិញ ភ្លាមនោះរូបគេ ក៏បានយល់ព្រមជិះម៉ូតូឌុបនាងត្រឡប់ទៅវិញ ដោយមិត្តភក្រ័ចំនួន ២នាក់ទៀត ជិះម៉ូតូមកជាមួយតាមក្រោយ ។

ចម្លើយសារភាពពីជនសង្ស័យបន្តថា ដោយមានចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិផងនោះ រូប​គេក៏បានជិះម៉ូតូឌុបមកកន្លែងស្ងាត់ (ចំណុចកើតហេតុ) ក៏ធ្វើសកម្មភាពចាប់ខ្ទប់មាត់នារីរងគ្រោះអូសចូលទៅក្នុងសំណង់បាក់បែក និងរើសដុំឥដ្ឋតាន់វាយក្បាលជនរងគ្រោះ បណ្តាលឲ្យបែកហូរឈាមរងរបួសធ្ងន់ធ្ងរ ទើបពួកគេស្រវ៉ាយកទូរស័ព្ទដៃ ម៉ាក អាយហ្វូនហ្វាយ ចំនួន ១គ្រឿង និងម៉ូតូជន​រងគ្រោះ ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ ២០០៧ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AN-0301 ជិះគេចខ្លួន ។ ក្រោយពីធ្វើសកម្មភាពបានសម្រេច ពួកគេបានយកម៉ូតូជនរងគ្រោះទៅលាក់ទុកនៅបន្ទប់​មិត្តភក្រ័ផ្សេងទៀត នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកទូរស័ព្ទជនរងគ្រោះ ពួកគេបានយកទៅលក់នៅម្តុំផ្សារទឹកថ្លា បានលុយចំនួន ៧០ដុល្លា ដោយរូបគេបានទទួលលុយតែចំនួន ៥០ដុល្លារប៉ុណ្ណោះ យកទៅសងម្ចាស់បំណុល ហើយក្រោយពីសងរួចរាល់ ពួក​គេក៏បានបែកផ្លូវគ្នារៀងៗខ្លួន លុះរហូតដល់យប់ថ្ងៃខែដដែល ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនពួកគេជាបន្តបន្ទាប់តែម្តង។

ក្រោយពីធ្វើឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលយកទៅធ្វើការសាកសួនិងកសាងសំណុំរឿងបញ្ជូនទៅតុលារការចាត់កាតាមច្បាប់៕​

image

image

image

ដោយ៖ ​សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print