អភិបាលរងរាជធានីចុះពិនិត្យទីតាំងនិងជំរុញការស្ដារប្រឡាយបឹងត្របែកអោយបានលឿន ដើម្បីកាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ

ចែករំលែក៖

ភ្នំពេញ ៖ អភិបាលរងរាជធានីភ្នំពេញ ជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹកនិងឧត្តុនិយមរាជធានីភ្នំពេញពន្លឿនការស្ដារប្រឡាយបឹងត្របែកអោយបានលឿន ដើម្បីបើកទឹកហូរឲ្យបានលឿន ទៅដល់ស្ថានីយបឹងត្របែក ដើម្បីអោយស្ថានីយនេះ អាចបូមទឹកចេញបានឆាប់រហ័ស កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ។

ការជំរុញរបស់លោក ស៊ុយ សេរិទ្ធ ធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែសីហា ២០២២នេះ ខណៈដែលលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន ចុះពិនិត្យមើលស្ថានភាពនៃការស្ដារបឹងត្របែក ដែលមានចម្ងាយប្រមាណជិតមួយគីឡូម៉ែត្រ ចាប់ពីប្រឡាយបឹងត្របែកដល់ស្ថានីយបឹងត្របែកផ្លូវ២៧១ ។

នៅក្នុងឱកាសនៃការចុះពិនិត្យនោះ លោកអភិបាលរងរាជធានីភ្នំពេញ បានណែនាំឲ្យក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដូចមន្ទីរធនធានទឹកនិងឧត្តុនិយមរាជធានីភ្នំពេញ កាយល្បាប់ភក់ និងស្មៅ ដែលជារនាំងឃាំងទឹក ក្នុងអាងស្តុកទឹកបឹងត្របែកនេះអោយជ្រៅ ពោលគឺនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ទឹកអាចហូរបានលឿនទៅដល់មុខស្ថានីយ ដែលអាចអោយស្ថានីយបឹងត្របែក អាចមានសមត្ថភាព បូមទឹកបានលឿន កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋនៅក្នុងរដូវវស្សានេះ ។

គួរបញ្ជាក់ថា ប្រឡាយបឹងត្របែកដែលត្រូវស្តារឡើងវិញ មានការចាក់ទំនប់តាមមាត់ប្រឡាយទទឹង១០ម៉ែត្រ និងបណ្តោយមានប្រវែងជាង៨២៧ ម៉ែត្រជាគំរោងទំនប់ជាប់នឹងប្រឡាយនេះ គ្រោងនឹងចាក់បេតុងដើម្បីធ្វើជាផ្លូវឲ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បាន ហើយក៏ជាផ្លូវមួយ ដើម្បីងាយស្រួលដាក់គ្រឿងចក្រធ្វើការស្តារប្រឡាយបឹងត្របែកជាប្រចាំផងដែរ ។ បន្ថែមពីលើនេះទៀត ក្រោយពីការកាយប្រឡាយ និងស្ដារប្រឡាយនេះ អោយជ្រៅ ដើម្បីស្តុកទឹក ងាយស្រួលឱ្យមានលំហូរទឹកបានល្អ ដើម្បីម៉ាស៊ិនបូមបានផងដែរ ហើយជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញគ្រោងបុកស៊ីផាវ នៅតាមជញ្ជាំងប្រឡាយបឹងត្របែកនេះផងដែរ ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print