មានប្រសាសន៍នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតចិនបានស្នើដល់អាមេរិកដកអាវុធបរមាណូទាំងអស់ចេញពីតំបន់អឺរ៉ុប ហើយបញ្ចប់រាល់ការដាក់ពង្រាយអាវុធបរមាណូ
នៅក្រៅទឹកដីអាមេរិក ។
សារព័ត៌មាន Putnik នៅថ្ងៃទី២ខែសីហាបានដកស្រង់សម្តីលោក Fu Tong ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិនដែលបានឱ្យដឹងថា អាមេរិកគួរតែដកអាវុធបរមាណូទាំងអស់ចេញពីតំបន់អឺរ៉ុប ហើយឈប់ពង្រាយអាវុធប្រល័យលោក នៅទីតាំងនានាលើពិភពលោកបន្តទៀត។
លោក Fu Tong បន្តទៀតថា ទីក្រុងប៉េកាំងនឹងសហការជាមួយបណ្តាប្រទេសដើម្បីពង្រឹង សន្ធិសញ្ញាមិនរីកសាយភាយអាវុធបរមាណូ NPT ។ លោកបន្តទៀតថា «កាលពីខែមេសា ប្រធានាធិបតីចិន ស៊ី ជីនពីង បានស្នើទស្សនៈសន្តិសុខលើពិភពលោក ហើយចិននឹងសហការជាមួយបណ្តាប្រទេសអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីសន្តិសុខពិភពលោក»។
លោក Fu Tong បញ្ជាក់ទៀតថា ចិនមិនប្រកួតប្រជែងពីចំនួនគ្រាប់បែកបរមាណូនោះឡើយ ហើយសន្យាអនុវត្តតាមច្បាប់មិនរីកសាយភាយអាវុធបរមាណូតាមសន្ធិសញ្ញា។
លោក Fu Tong បន្តទៀតថា ចិននឹងបន្តរក្សាគ្រាប់បែកបរមាណូ ដើម្បីធានាសន្តិសុខជាតិ មិនមែនដើម្បីប្រកួតប្រជែងនោះឡើយ៕ ដោយធីរីណា
រូបថត : 7News/AP