ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងនៅយប់ថ្ងៃពុធទី០៣ ខែសីហា ឆ្នាំ២០២២នេះថា៖ ផ្តើមចេញពីការរៀបចំកែលម្អសោភ័ពភាពទីក្រុងបាត់ដំបង ឱ្យក្លាយទៅជាទីក្រុងទេសចរណ៍ មានការទាក់ទាញកំណើនភ្ញៀវទេសចរមកលេងខេត្តបាត់ដំបង មានការកើនឡើងស្របតាមផែនការរបស់រដ្ឋបាលខេត្តបាត់ដំបង និងក្រោមការណែនាំរបស់ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង រដ្ឋបាលក្រុងបាត់ដំបង ដឹកនាំដោយលោក ផេង សិទ្ធី អភិបាលក្រុង និងអាជ្ញាធរសមត្ថកិច្ច មន្ត្រីជំនាញ បានចុះធ្វើការប្រមូល ក្រុមជន ដែលមានសតិមិនគ្រប់ ឬឆ្កួត អ្នកបែកថ្នាំ មុខសញ្ញាញៀនថ្នាំ ញៀនកាវ ជនអនាថា ដែលដើរដេកតាមសួនច្បារ តាមគល់ឈើ យកទៅមណ្ឌលអប់រំកែប្រែនានា នាព្រឹកថ្ងៃទី៣ ខែសីហានេះ ។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានលើកឡើងថា រដ្ឋបាលក្រុងបាត់ដំបង បានរៀបចំយុទ្ធនាការប្រមូលក្រុមទាំងនោះត្រូវបានធ្វើឡើង ស្របពេលដែលរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំឱ្យពលរដ្ឋ ដែលមានលំនៅឋាន និងអាជីវកម្ម ក្នុងតំបន់អភិរក្សនៃក្រុងបាត់ដំបង ដែលមានចំនួនជាង៨០០ខ្នងផ្ទះ រុះរើសំយ៉ាប និងស្លាកយីហោចេញ និងត្រៀមរៀបចំឡើងវិញតាមគំរូប្លង់ ដែលរៀបចំដោយ រដ្ឋបាលខេត្តបាត់ដំបង ដើម្បីឱ្យក្រុងមានសោភ័ណ្ឌភាព ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាការត្រៀមប្រកួតប្រជែងទីក្រុងស្អាតអាស៊ានផងដែរ ។
លោក បានបន្តទៀតថា សម្រាប់ការចុះប្រមូលជនញៀនថ្នាំ ជនអនាថា ជនសតិមិនគ្រប់នៅថ្ងៃនេះអាជ្ញាធរមានសមត្ថកិច្ច ប្រមូលបាន សរុប១៣០នាក់ ដើម្បីយកទៅដាក់នៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ឱ្យក្រុមគ្រូពេទ្យពិនិត្យវិគាគ ដើម្បីស្វែងរកមេរោគកូវីដ១៩ ជាពិសេសរកសារធាតុញៀន ហើយបើអ្នករកឃើញមានសារធាតុញៀនត្រូវបញ្ជូនទៅមណ្ឌលកែប្រែ ឬមណ្ឌលបន្សាបសារធាតុគ្រឿងញៀន ចំណែកជនមានសតិមិនគ្រប់ឬ ត្រូវបញ្ជូនទៅមណ្ឌលព្យាបាលនៅខេត្តកណ្តាល ដោយឡែកជនអនាថា នឹងរកកន្លែងឱ្យពួកគាត់រស់នៅ ឬបញ្ជូនទៅរស់នៅមណ្ឌលដែលមានការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬជំនាញផ្សេងៗទៀត ដើម្បីផ្តល់ជាមុខរបរសម្រាប់ចិញ្ចឹមជីវិតរស់នៅរបស់ពួកគាត់ ។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំដល់រដ្ឋបាលក្រុងបាត់ដំបង ធ្វើការប្រមូលឱ្យអស់ជនអនាថា ជនញៀនថ្នាំ ជនដែលមានសតិមិនគ្រប់ ដើម្បីរក្សាសោភ័ណ្ឌភាពក្រុងបាត់ដំបងឱ្យមានរបៀបរៀបរយ មិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាខេត្តបាត់ដំបង ។ ក្នុងនោះមុននឹងបញ្ជូនពួកគាត់ទៅតាមទីតាំងដែលបានរៀបចំ លោក សុខ លូ បានធ្វើការណែនាំដល់រដ្ឋបាលក្រុង ត្រូវធ្វើការយកចិត្តទុកដាក់ចំពោះពួកគាត់ ដោយត្រូវផ្ដល់ជាចំណីអាហារ សម្លៀកបំពាក់ជូនពួកគាត់ មុននឹងធ្វើការបញ្ជូនពួកគាត់ទៅ ។
លោក សុខ លូ បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជា្ញធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្នាក់ដឹកនាំខេត្ត ក្រុង កងកម្លាំង និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធ ក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំជួយអស់ពីកម្លាំងកាយកម្លាំងចិត្តដើម្បីជួយប្រមូលជនសតិមិនប្រក្រតី ជនញៀនគ្រឿងញៀន ដែលតែងតែបង្កអសន្តិសុខ និងធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ក្នុងក្រុងបាត់ដំបងនាពេលកន្លងមក ដើម្បីបញ្ជួនទៅកាន់មណ្ឌលជាតិស្តារនីតិសម្បទា(កែវផុស)ស្ថិតនៅភូមិរិទ្ធី ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងទៅមណ្ឌលរបស់ក្រសួងសង្គមកិច្ច ៕ដោយ៖សហការី