យុវជនមកពីបណ្ដាប្រទេសជាសមាជិកអាស៊ានទាំង១០ ចូលរួមកម្មវិធីជជែកដេញដោលយុវជនអាស៊ាន២០២២

ចែករំលែក៖

ភ្នំពេញ : ខណៈដែលកម្ពុជា ជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានផ្តួចផ្តើមរៀបចំកម្មវិធីជជែកដេញដោលយុវជនអាស៊ាន ២០២២ វគ្គជម្រុះជុំទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានយុវជនចំនួន២០ក្រុមមកពីបណ្ដាប្រទេសទាំង១០ជាសមាជិកអាស៊ានចូលរួម ដោយក្នុងនោះរួមទាំងយុវជនកម្ពុជាផងដែរ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានមានប្រសាសន៍ថា យុវជនគឺជាទ្រព្យសម្បត្តិដែលមិនអាចខ្វះបាន នឹងក្លាយជាអ្នកដឹកនាំក្នុងតំបន់អាស៊ាននាពេលអនាគត។ ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រចះត្រចង់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកយុវជនជាគន្លឹះដ៏សំខាន់ក្នុងការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនរបស់ប្រទេសជាតិ។ លើសពីនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីផ្សេងៗ និងគោលនយោបាយគាំទ្រ ដើម្បីធានាថា យុវជនត្រូវបានផ្តល់ឱកាសក្នុងការអភិវឌ្ឍសមត្ថភាពកាន់តែខ្លាំង រួមទាំងកម្មវិធីផ្លាស់ប្តូរភាពជាអ្នកដឹកនាំ គំនិតផ្តួចផ្តើម និងសកម្មភាពស្ម័គ្រចិត្តជាដើម។
លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានយុវជន លេខាធិការដ្ឋានអាស៊ាន អង្គការ ERIA ក្រសួងការបរទេសកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រយ៉ាងច្រើនក្នុងការបង្កើតគំនិតផ្តួចផ្តើមនេះ និងគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។

សូមជម្រាបថា កម្មវិធីជជែកដេញដោលយុវជនអាស៊ាន រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមសម្របសម្រួលពីលេខាធិការដ្ឋានអាស៊ាន ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការ ERIA ។ កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណងបណ្តុះឱ្យយុវជនមានបំណិនស្រាវជ្រាវ ការគិតបែបស៊ីជម្រៅ និងការនិយាយជាសាធារណៈ ព្រមទាំងលើកកម្ពស់ការយល់ដឹងស្តីពីគុណតម្លៃ និងអត្តសញ្ញាណអាស៊ានក្នុងចំណោមយុវជន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print