ខេត្តកំពង់ចាម៖ យោងតាមប្រភពការចុះផ្សាយរបស់គេហទំព័រអ្នកសារព័ត៌មាន និងការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីបេីកលេងល្បែងសុីសងតាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្រស្រុកចំការលើ និងស្រុកកំពង់សៀម ។ ពាក់ព័ន្ធនឹងករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់សាធារណជន ពិសេសអ្នកនិយមប្រេីប្រាស់នូវបណ្ដាញសង្គមហ្វេសប៊ុក និងអ្នកសារព័ត៌មានថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកចំការលេី និងស្រុកកំពង់សៀម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រាវជ្រាវ និងបង្ក្រាបលេីទីតាំងទាំង២ខាងលេី ។ ជាក់ស្ដែងជាលទ្ធផល នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៤ ខែសីហា ឆ្នាំ២០២២នេះ តាមការចុះស្រាវជ្រាវចំពោះទីតាំងទាំងពីរខាងលេី គឺស្ថិតនៅស្រុកចំការលេី មិនមាននៅស្រុកកំពង់សៀមឡេីយ ។ បន្ទាប់ពីស្រាវជ្រាវ និងការបំភ្លឺពីម្ចាស់ទីតាំងទាំងពីរខាងលេី បានទទួលស្គាល់ថា ទីតាំងរបស់ខ្លួនពិតជាមានការភ្នាល់ល្បែងតាមអនឡាញដាក់ប្រាក់ តែលក្ខណៈតូចតាចជាការកំសាន្ដ មិនមែនជាការភ្នាល់ដាក់ប្រាក់ជាលក្ខណៈទ្រង់ទ្រាយធំដុំឡេីយ ។ ដោយអនុវត្តតាមនីតិវិធីជំនាញ សមត្ថកិច្ចជំនាញបានធ្វេីការអប់រំ និងកិច្ចសន្យាបញ្ឈប់ មិនឲ្យមានការលួចបេីកល្បែងសុីសងខុសច្បាប់បន្តទៀតឡេីយ ។ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គមដែលតែងសហការផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងភូមិសាស្រ្តទឹកដីខេត្តកំពង់ចាម យើងខ្ញុំនឹងខិតខំពង្រឹងសមត្ថភាពជំនាញក្នុងការរក្សាសន្តិសុខ សុវត្ថិភាព ពិសេសការសម្ងាត់ជូនគ្រប់ប្រភពដែលបានផ្ដល់ព័ត៌មាន និងសូមអំពាវនាវឲ្យគ្រប់ប្រភពផ្ដល់ព័ត៌មានទាំងអស់ មេត្តាជួយសហការរក្សាការសម្ងាត់ផ្ទាល់ខ្លួន ដើម្បីឱ្យសមត្ថកិច្ចអនុវត្តវិធានការជំនាញប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសូមទំនាក់ទំនងតាមរយៈក្រុមការងារប្រតិកម្មរហ័ស៕
ដោយ៖អារុណរះ