ប្រព័ន្ធមីស៊ីលការពារយ៉ាងមានប្រសិទ្ធភាពរបស់អុីស្រាអែល Iron Dome បានវាយស្ទាក់រ៉ុក្តែត បាញ់ចេញពីតំបន់កាហ្សាចូលទៅទឹកដីអុីស្រាអែលបានដល់ទៅ ៩៧% ។ នេះជាប្រព័ន្ធការពារយ៉ាងល្អសម្រាប់ប្រទេសអុីស្រាអែល។
ប្រព័ន្ធមីស៊ីលខាងលើបានដាក់ដំណើរការដំបូងកាលពីឆ្នាំ២០១១។ ប្រព័ន្ធមីស៉ីលការពារដែនអាកាស Iron Dome ត្រូវបានវាយតម្លៃដោយក្រុមមន្រ្តីការពារជាតិអ៉ីស្រា
អែលនិងអាមេរិកថា មានប្រសិទ្ធភាពខ្ទង់៨៥ភាគរយក្នុងការបាញ់មីស៉ីលទៅស្ទាក់គ្រាប់រ៉ុក្កែតនិងអាវុធរយៈចម្ងាយខ្លីដទៃទៀត នៅលើផ្ទៃអាកាស។ ក្រោយមក កម្រិតប្រសិទ្ធភាពនោះបានកើនដល់៩០ភាគរយ អំឡុងនៃការផ្ទុះសង្រ្គាម Gaza ឆ្នាំ២០១២។
ប្រព័ន្ធ Iron Dome ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនរដ្ឋ Rafael Advanced Defense Systems របស់អ៉ីស្រាអែលផ្ទាល់ ក្រោមការជួយគាំទ្រពីក្រុមហ៊ុនអាមេរិក Raytheon។ វាត្រូវបានរចនាឡើងដើម្បីកាត់បន្ថយថ្លៃចំណាយលើមីស៉ីលសម្រាប់បាញ់ស្ទាក់តាមរយៈការកំណត់គោលដៅ បាញ់ទម្លាក់តែគ្រាប់រ៉ុក្កែតណាដែលហោះលើគន្លងឆ្ពោះមកកាន់តំបន់មានប្រជាជនរស់នៅច្រើនប៉ុណ្ណោះ។
អ្នកនាំពាក្យម្នាក់របស់យោធាអ៉ីស្រាអែលបាននិយាយថា គិតមកទល់ព្រឹកថ្ងៃអាទិត្យនេះ ប្រព័ន្ធ Iron Dome បាញ់ស្ទាក់បាន ៩៧ភាគរយ នៃគ្រាប់រ៉ុក្កែតដែលមានគន្លងហោះហើរបែបនោះ អំឡុងការប្រយុទ្ធគ្នាជាមួយ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅ Gaza ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍នេះមក។
សង្គ្រាមវាយប្រហារពីអុីស្រាអែលទៅលើតំបន់កាហ្សា មកទល់ពេលនេះបានសម្លាប់ជនជាតិប៉ាឡេស្ទីន២៤នាក់ និងរបួស ២០៣នាក់ ៕ ដោយ ធីរីណា
រូបថត :AFP/TTXVN