ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យ២ នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង២៦គីឡូក្រាម ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២ នេះ ដើម្បីបន្តចាត់ការតាមនីតិវិធី។
ជនសង្ស័យទាំង២ នាក់ មានឈ្មោះ ហ៊ីម ឆេងហ៊ួរសុដាវីដ ភេទប្រុស អាយុ២៣ឆ្នាំ ។ និងម្នាក់ទៀត ឈ្មោះ ហ៊ាត រ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ។
ក្នុងប្រតិបត្តិការនេះ ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ក្រោមការបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
គួរំលឹកផងដែរ កាលពីវេលាម៉ោង២០ និង៤៥នាទី យប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ដោយមានការ ដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបើកការស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេលជាច្រើនខែ ទើបមានភស្តុតាងកំណត់មុខសញ្ញាបានជាក់លាក់ឈានដល់ការបង្ក្រាបជាក់ស្តែង នៅចំណុច ផ្ទះលេខ A6-1577 ផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងវត្ថុតាងពាក់ព័ន្ធ រួមមាន៖ គ្រឿងញៀនចម្រុះសរុប ២៦គីឡូក្រាម ២ខាំ, សារធាតុផ្សំជាវត្ថុរាវ ចំនួន១៥ដប, ជញ្ជីងថ្លឹងចំនួន០៥, ម៉ាស៊ីនសម្រាប់លាយថ្នាំញៀន ចំនួន០២, ម៉ាស៊ីនសម្រាប់អ៊ុតថង់ប្លាស្ទិចចំនួន០៥ ព្រមទាំង ឧបករណ៍វេចខ្ចប់មួយចំនួនទៀត។
បន្ថែមទៀតនោះ ជនសង្ស័យទាំង០២នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញ នៃការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា យកទៅបន្ត ការស្រាវជ្រាវ ទៅកាន់គោលដៅមួយកន្លែងទៀត នៅក្នុងអឹផាតមិនមួយ ស្ថិតក្នុងភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយឆែកឃើញសារធាតុផ្សំ កាកសំណល់គ្រឿងញៀន ឧបករណ៍សម្រាប់លាយ និងកែច្នៃគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានតំណាងអយ្យការ បើកការស៊ើបសួររួចហើយ នឹងចោទប្រកាន់ជាផ្លូវការ រងចាំបញ្ជូនទៅចៅក្រមស៊ើបសួរបន្តនីតិវិធី៕ ដោយ រ៉ារ៉ា