ខេត្តស្វាយរៀង: ក្មេងប្រុសតូចម្នាក់បានរត់ឆ្លងផ្លូវត្រូវអ្នកជិះម៉ូតូបើកបុកពេញទំហឹងបណ្ដាលឱ្យស្លាប់ និងរបួសធ្ងន់ម្នាក់នៅស្រុកចន្រ្ទា ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២០នាទីល្ងាច
ថ្ងៃទី០៧ខែសីហាឆ្នាំ២០២២
នៅលើផ្លូវលេខ៣៣៤ ស្ថិតក្នុងភូមិដូនណូយ ឃុំច្រេស ស្រុកចន្រ្ទា ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់មានឈ្មោះ រឿន សុវណ្ណរាជ អាយុ០២ឆ្នាំ មានទីលំនៅភូមិដូនណូយ ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
ចំណែកអ្នកជិះម៉ូតូមានឈ្មោះចែង សូរិយា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិត្រពាំងកំពិស ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ បើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២១ ពាក់ស្លាកលេខស្វាយរៀង១Q-៥៣១៣។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានក្មេងប្រុសតូចម្នាក់បានដើរតាមផ្លូវហើយក៏បានរត់ឆ្លងផ្លូវស្រាប់តែមានស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២១ ពាក់ស្លាកលេខស្វាយរៀង១Q-៥៣១៣ជាន់ហ្រ្វ័ងមិនទាន់ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមក អ្នករងរបួសធ្ងន់ត្រូវក្រុមគ្រួសារបញ្ជួនទៅកាន់មន្ទីរពេទ្យ ចំណែកក្មេងដែលស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ សុថាន