ខេត្តបន្ទាយមានជ័យ៖កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនក្មេងទំនេីងចំនួន ០៥នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការនៅរសៀលថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២នេះ ៕ លោក ឈឹម ប៊ុនឈឿម មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក បានឱ្យដឹងថាកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក បេីកប្រតិបត្តិការបង្ក្រាបក្មេងទំនេីងចំនួន០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៩ និង៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចលូទី២ ស្ថិតក្នុងភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ។
លោក បញ្ជាក់ថា ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងឈ្មោះ ខោត មុនា (ហៅជ្រូក) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ។
ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះកម្លាំងរបស់លោកសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះធ្វើការស្រាវជ្រាវ និងស្ទាក់ឃាត់ខ្លួនជាបន្តបន្ទាប់បានជនបង្កចំនួន០៥នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន កាំបិតកែច្នៃ ដងរុំស្កុតពណ៍ខ្មៅ ប្រវែង៦១សង់ទីម៉ែត្រ ចំនួន០១ដើម ២-ម៉ូតូ ចំនួន៣គ្រឿង និងកាំភ្លើងហ្គាស ម៉ាក PIETRO BERETTA MOD92FS.9mm ចំនួន០១ដើម កំប៉ុងហ្គាស ចំនួន០១ និងគ្រាប់ជ័រ ចំនួន០១ថង់ ហើយយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក ។
ជនសង្ស័យទាំង ០៥នាក់មានឈ្មោះដូចខាងក្រោម
១.ឈ្មោះ អៀន វណ្ណឆេង ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
២.ឈ្មោះ យួត រ៉ាយុត ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។
៣.ឈ្មោះ អឿន លាបហេង (ហៅផេង) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្មខាងត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
៤.ឈ្មោះ ណាន សំរេច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិប៉ោយ ស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
៥.ឈ្មោះ ម៉ែន ជូស៊ឹង (ហៅសិញ) ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។
ក្រោយពីកម្លាំងជំនាញសួរនាំរួចមក បានឆ្លើយសារភាពថា ពួកគេបានធ្វើសកម្មភាពជិះម៉ូតូកាន់កាំបិតកាប់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូមានគ្នាចំនួន០២នាក់ គឺជនរងគ្រោះឈ្មោះ ខោត មុនា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រះជីក ឃុំស្រះជីកស្រុកភ្នំស្រុក បណ្តាលឲ្យរងរបួសត្រង់ក្បាលខាងក្រោយផ្នែកខាងស្តាំចំនួន០១កន្លែង និងជនរងគ្រោះម្នាក់ទៀត ឈ្មោះ ឆេង ឆាលី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ពុំមានរងរបួសទេ ដោយសារពួកគេមានជម្លោះគ្នាពីមុនមក ។
ដោយបានស្តាប់ចម្លេីយសារភាពរបស់ជនសង្ស័យទាំង៥នាក់ និងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
បច្ចុប្បន្ន ក្មេងទំនេីងទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវិធី ៕វណ្ណា