ភ្នំពេញ៖ តើសហរដ្ឋអាមេរិកត្រូវការនាំចូលផលិតផលអ្វីខ្លះពីប្រទេសកម្ពុជា ? នោះគឺផលិតផលសម្រាប់ធ្វើ ដំណើរនិងកាបូប។ ហេតុដូច្នេះហើយធ្វើឱ្យផលិតផលទាំងនេះមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេល៦ខែដើមឆ្នាំនេះ។ ផលិតផលកាបូបនិងផលិតផលសម្រាប់ធ្វើដំណើរមានការនាំចេញ ជាក់ស្តែងគិតត្រឹមឆមាសទី ១ ដើមឆ្នាំ២០២២ នេះ ទិន្នន័យនៃការនាំចេញកាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារបរទេស មានតម្លៃសរុបប្រមាណជាង ៨០២ លានដុល្លាអាមេរិក កើនឡើងប្រមាណ ៥៩,៤៨% បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ ២០២១។
ទីផ្សារសហរដ្ឋអាមេរិកកំពុងស្រូបយកផលិតផលធ្វើដំណើរ ការបូប និងផលិតផលពីស្បែក ខណៈផលិតផលមួយចំនួននូវទទួលបានការអនុពាណិជ្ជកម្ម (GSP) និងកំពុងមានការគាំទ្រពីអ្នកប្រើប្រាស់ ហើយយើងរំពឹងថា ចំនួននេះនឹងមានកំណើននាំចេញកាន់តែល្អថែមទៀត។ មានការរំពឹងទុកថា ផលិតផលទាំងនេះនឹងបន្តនាំចេញច្រើនឡើងថែមទៀតទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
លោកលី ឃុនថៃ ប្រធានកិត្តិយសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមព័ត៌មាន នៅក្នុងពិធីសម្ពោធជាផ្លូវការសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ដោយបានផ្តល់ឱកាសការងារ និងជីវភាពរស់នៅល្អប្រសើរឡើងជាលំដាប់ ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។
ជាក់ស្តែងទោះបីជាមានផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៩ ក៏ការវិនិយោគនៅប្រទេសកម្ពុជានៅមានស្ថេរភាព និងកំណើនគួរឲ្យកត់សម្គាល់ ដែលលទ្ធផលវិជ្ជមានទាំងនេះ បានសរបញ្ជាក់ឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់រាជរដ្ឋាភិ បាល ក្នុងការកសាងទំនុកចិត្តជូនអ្នកវិនិយោគបរទេស និងក្នុងស្រុក ដោយបានផ្តល់ការងារជូនកម្មករកម្មការិនី ក្នុងប្រទេសកម្ពុជារាប់សែននាក់។
លោកលី ឃុនថៃ បន្តថា ជុំវិញបរិយាកាសអំណោយផលទាំងការវិនិយោគ និងការនាំចេញ ជាក់ស្តែងគិតត្រឹមឆមាសទី ១ ដើមឆ្នាំ២០២២ នេះ ទិន្នន័យនៃការនាំចេញកាបូប និងផលិតផលធ្វើដំណើរ ទៅកាន់ទីផ្សារបរទេស មានតម្លៃសរុបប្រមាណជាង ៨០២ លានដុល្លាអាមេរិក កើនឡើងប្រមាណ ៥៩,៤៨% បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ ២០២១ ក្នុងនោះការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកមានកំណើនខ្ពស់ជាងគេ នៅក្នុងចំណោមទីផ្សារសំខាន់ៗដ៏ទៃទៀត ដោយយើងរំពឹងថា អាមេរិកគឺជាទីផ្សារសក្តានុពលសម្រាប់ការនាំចេញរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ននិងអនាគត៕