ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត មណ្ឌលគិរី ដឹកនាំកម្លាំង ចុះពិនិត្យទីតាំងរថយន្តដឹកស៊ីទែនហ្គាសខ្នាតធំមួយគ្រឿង បុកផ្ទះប្រជាពលរដ្ឋក្រឡាប់ ដើម្បីត្រៀមស្ទួចចេញ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២២និង១៥នាទី ថ្ងៃទី០៧ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះតាលី ស្ថិតភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងហេតុការណ៍នេះ គិតត្រឹមវេលាម៉ោង ៤និង៣០រសៀលថ្ងៃទី៨ សីហា ២០២២ សមត្ថកិច្ចនៅមិនទាន់អាចបញ្ចប់កំណត់ ហេតុនៅឡើយ ដោយសារស្ថានភាពនៃគ្រោះថ្នាក់នោះ អាចឈានដល់ហានិភ័យខ្ពស់ ព្រោះស៊ីទែនមានផ្ទុកហ្គាសពេញ ដូច្នេះត្រូវរង់ចាំរថយន្ត ស្ទួចខ្នាតធំមកពីភ្នំពេញ ដើម្បីលើករថយន្តនោះចេញ និងបន្តពិនិត្យពីផលប៉ះពាល់ និងទ្រព្យសម្បត្តិរបស់ជនរងគ្រោះ។ ទោះជាយ៉ាងណាស្នង ការនគរបាលក៏បានបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យរង់ចាំអន្តរាគមន៏នៅទីតាំងកើត ហេតុផ្ទាល់ បើមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។
បើតាមសមត្ថកិច្ចថា ករណីខាងលើនេះ អ្នកបើករថយន្តនោះមិនដឹងលោតចេញ ឬកៀបជាប់នៅក្នុងរថយន្តទេ ដោយសារតែផ្ទះបាំងជិតមើលរថយន្តពុំចង់ឃើញ មេឃភ្លៀងហើយងងឹតទៀតកម្លាំង បានស្រែក ហៅក៏មិនលឺដើរកក៏ពុំឃើញ។ រថយន្តម៉ាកវេអង ផ្លាកលេខ3E ភ្នំពេញ4191។
ចំណែកម្ចាស់តូបរងគ្រោះមានចំនូន៦នាក់ ម្ចាស់តូបទី១ឈ្មោះ តឹក ម៉េងអឹង ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ រងបួសស្រាល ប្រពន្ធឈ្មោះសម្បត្តិ ស្រីតូច ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រងរបួសស្រាល។ ម្ចាស់តូបទី០២ឈ្មោះខាំ សុភាព ភេទស្រីអាយុ៣៤ឆ្នាំជនជាតិខ្មែរ លក់ដូរ រងរបួសស្រាល និងឈ្មោះខាំ សុភ័ណ្ឌ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសស្រាល។ ម្ចាស់តូបទី៣ ឈ្មោះហ៊ុន មូលីកា ភេទស្រីអាយុ២០ឆ្នាំជនជាតិខ្មែរ រងរបួសស្រាល រស់នៅភូមិសង្កាត់កើតហេតុខាងលើ។
បច្ចុប្បន្នជនរងគ្រោះសម្រាកព្យាបាលនៅផ្ទះ ចំណែករថយន្តនៅនិងកន្លែងកើតហេតុដដែល ដោយសមត្ថកិច្ចកំពុងយាមនៅទីនោះចៀសវាងមានគ្រោះថ្នាក់ផ្សេងកើតឡើង៕