ចិនបានប្រកាសធ្វើសមយុទ្ធថ្មីបន្ថែមទៀតនៅក្នុងតំបន់សមុទ្រជិតកោះតៃវ៉ាន់ ខណៈដែលសមយុទ្ធកន្លងមកទើបតែបញ្ចប់។ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា យោធាចិននាថ្ងៃចន្ទនេះបានឱ្យដឹងថាខ្លួនកំពុងបន្តការធ្វើសមយុទ្ធដដែលនៅលើផ្ទៃសមុទ្រនិងផ្ទៃអាកាសជុំវិញកោះតៃវ៉ាន់ នៅថ្ងៃទី៨ខែសីហានេះ។
ដំណឹងខាងលើត្រូវបានប្រកាស តាមរយៈប្រព័ន្ធបណ្តាញសង្គមចិន វ៉ីប៉ូ (Weibo) ដោយទីបញ្ជាការភូមិភាគខាងកើតរបស់យោធាចិន ដែលបានបន្ថែមថា ខ្លួននឹងធ្វើការហាត់សមពាក់ព័ន្ធនឹង ការវាយប្រហារប្រឆាំងនាវាមុជទឹក និងប្រតិបត្តិការវាយឆ្មក់តាមផ្លូវសមុទ្រ។ នៅក្រោយដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ប៉េឡូស៉ី (Nancy Pelosi) នៅកោះតៃវ៉ាន់ កាលពីសប្តាហ៍មុន យោធាចិនបានបើកការធ្វើសមយុទ្ធទ្រង់ទ្រាយធំមិនធ្លាប់មានតាមផ្លូវទឹកនិងផ្លូវអាកាសនៅតំបន់ជុំវិញតៃវ៉ាន់ ក្នុងនោះរួមមានទាំងការបាញ់ផ្លោងមីស៉ីលបាលីស្ទីគរំលងដែនកោះនេះជាលើកដំបូងបំផុតផងដែរ។
ពីដំបូងឡើយសមយុទ្ធយោធាចិននោះត្រូវបានគ្រោងនឹងប្រព្រឹត្តទៅ តែសម្រាប់រយៈពេល៤ថ្ងៃប៉ុណ្ណោះ គឺពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យសប្តាហ៍មុន ប៉ុន្តែទាំងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ សុទ្ធតែមិនបានបញ្ជាក់ពីការបិទបញ្ចប់សមយុទ្ធនោះទេ។ យ៉ាងណាមិញ ក្រសួងដឹកជញ្ជូនតៃវ៉ាន់បានអះអាងថា ខ្លួនបានមើលឃើញភស្តុតាងមួយចំនួន ដែលឱ្យតម្រុយថា យ៉ាងហោចណាស់ ទំហំនៃការធ្វើសមយុទ្ធរបស់ចិនហាក់ត្រូវបានកាត់បន្ថយខ្លះៗ៕ ដោយ ធីរីណា
រូបថត :TTXVN