ខ្វះ​កន្លែង​ផឹក​ស៊ី​ខ្លាំងណាស់អី! មនុស្ស​ប្រុស​-​ស្រី នាំគ្នា​ទទួលទាន​អាហារ និង​ផឹកស៊ី​លើ​កំណាត់​ផ្លូវ​រថភ្លើង​ ត្រូវបានមហាជន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​រិះគន់​ផ្អើល (មាន​វីដេអូ​)

ចែករំលែក៖

​ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​វីដេអូ​ឃ្លីប​ខ្លី​ៗ​ចំនួន​ ៣ឃ្លីបដែល​បាន​បង្ហោះ​នៅក្នុង​បណ្តាញ​សង្គម TikTok ដើម្បី​​ចែករំលែក​យ៉ាង​ផុសផុល​ ​ដោយបង្ហាញ​ឱ្យ​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ប្រុស​-​ស្រី ជាច្រើន​បានអង្គុយ​លើ​កៅ​អ៊ី មាន​តុ​ជ័រ​រៀបចំ នៅ​លើ​ផ្លូវ​រថភ្លើង​ជា​ជួរ​មាន​ច្រើន​តុ និង​ហាក់​រីករាយ​ទទួលទាន​អាហារ​ដោយ​មិន​ខ្វល់​ពីគ្រោះថ្នាក់នោះ​ទេ ។

ជាក់ស្ដែង​បន្ទាប់ពី​មានការបង្ហោះរូបភាព​វីដេអូ​ឃ្លីប​ខ្លី​ៗ​ អ្នកលេង​បណ្តាញ​សង្គម TikTok និងហ្វេសប៊ុក​ បាន​រិះគន់​យ៉ាង​ចាស់ដៃ ដែលឃេីញក្រុមអាជីករលក់ដូរមានការ​រៀប​តុ​លក់ដូរលើ​កំណាត់​ផ្លូវ​រថភ្លើង​មួយ​កន្លែង ដែល​គេ​អះអាង​ថា នៅ​ខេត្តកំពង់ឆ្នាំង ដោយមាន​មនុស្ស​ប្រុស​-​ស្រី នាំគ្នាមក​អង្គុយទទួលទាន​អាហារ និង​ផឹកស៊ី​យ៉ាងសប្បាយ​មិនខ្វល់ពីគ្រោះថ្នាក់ដល់ជីវិត​ បើសិន​រថភ្លើង​បើកបរ​មក​ដល់ តើ​នឹង​ទៅ​ជា​យ៉ាងណា ​។

ចំណែក​វី​ដេ​អូ​ខ្លះ​ទៀត បង្ហាញ​ពី​យុវជន​ប្រុស​-​ស្រី ដែល​បាន​ថត​វី​ដេ​អូ​ស៊ែ​ល​ហ្វី និង​បង្ហោះ​ក្នុង​គណនី​TikTok ឈ្មោះ brochan484 កូន​អ្នក​ខេត្តកំពង់ឆ្នាំង បង្ហាញ​ពី​បងប្អូន​ស្រី​-​ប្រុស មាន​ចាស់​មាន​ក្មេង​ជួបជុំ​ហូប​អី ហាក់​មិន​ខ្វល់​ថា នឹង​មាន​ហានិភ័យ​អ្វី​កើតឡើង​នោះ​ទេ ។ ទិដ្ឋភាព​នៃ​ការ​លក់ដូរ​អង្គុយ​ហូប​អី​ជុំ​គ្នា​លើ​ផ្លូវ​រថភ្លើង​នេះ​ផង​ដែរ​ទទួល​បានការ​រិះគន់​យ៉ាង​ខ្លាំងក្លា គឺ​ច្រើន​ជាង​ការ​សរសើរ ក្នុង​នោះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​សម្តែង​ការ​ហួសចិត្ត​ថា ដូច​ខ្វះ​កន្លែង​លក់ដូរ និង​ទទួលទាន​បែរជា​មក​ហូប​ជុំ​គ្នា​លើ​ផ្លូវ​រថភ្លើង​បែប​នេះ ។

មហាជន​ខ្លះ​ទៀត​បាន​បញ្ចេញមតិ​ថា៖​ “ចុះបើ​រថភ្លើង​មក រត់​មិន​ទាន់​ទេ​បងប្អូន​អើយ​” ព្រោះ​កន្លង​មក​មាន​គ្រោះថ្នាក់​ច្រើន​បាន​កើត​មាន​លើក​ផ្លូវដែក ព្រោះតែ​មាន​បងប្អូន​ខ្លះ​ផឹកស៊ី​លើ​ផ្លូវដែក ហើយ​រថភ្លើង​មក​ដល់ គឺ​រត់​ចេញ​មិន​ទាន់​ត្រូវ​រថភ្លើង​កិន បណ្តាល​ឱ្យ​បាត់បង់​ជីវិត ខ្លះ​ក៏​ដាច់​ដៃជើង ជាដើម ព្រោះ​រថភ្លើង​អត់​មាន​ផ្លូវ​ណា​គេច​ទេ។ 

ជាមួយគ្នានោះ​ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ក៏​បាន​លើក​ភ្ជាប់​ហេតុការណ៍​កន្លង​មក​នៅ​ឯខេត្ត​ព្រះ​សីហ​នុ​ ដែរថា៖ «​នៅ​ខាង​កំពង់សោម​នេះ ពូ​ម្នាក់​អង្គុយ​ផឹក​នៅ​លើ​ថ្នល់​រថភ្លើង​ត្រូវ​បាន​រថភ្លើង​កិន​ស្លា​ប់​» ខ្លះ​ក៏​បញ្ចេញមតិ​សម្តែង​ការ​ហួសចិត្ត​ថា «​មើលរូប​ភាព​នេះ​ហើយ ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​កំរិត​ចំណេះដឹង​របស់​ពលរដ្ឋ​ដែល​ហាក់​មិន​ខ្វល់​ពី​អាយុជីវិត និង​បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ជួយ​ពិនិត្យ​មើល ព្រោះ​វា​ពិតជា​គ្រោះថ្នាក់​ណាស់ ដែល​រៀប​តុ​លក់ដូរ​លើ​ផ្លូវ​រថភ្លើង និង​មាន​មនុស្ស​កុះករ​មក​អង្គុយ​តាម​តុ​ហូប​អី​ជុំ​គ្នា​លើ​កំណាត់​ផ្លូវដែក​បែប​នេះ ។

បន្ថែមពីនេះ​ ប្រជាពលរដ្ឋ​​ខ្លះ​ ក៏​បាន​បញ្ចេញយោបល់​ថា ក្រោយ​ពី​បានឃើញ​វី​ដេ​អូ​នេះ​រួច គឺ​គាត់ទទួលស្គាល់​ថា ការ​យល់​ដឹង​របស់​ប្រជាជន​ខ្មែរ​យើង​ខ្លះ​នៅ​មាន​កម្រិត ទាំង​អ្នក​លក់ដូរ ទាំង​អ្នក​ញ៉ាំ​អាហារ​នៅ​ទីនោះ រួម​ទាំង​អាជ្ញាធរ​ផង​ដែរ​»​។​ ចំពោះ​បងប្អូន​យើង​ដែល​ទទួលទាន​អាហារ ដោយ​មាន​តុ​កៅអី អង្គុយ​ហូប​លើ​ផ្លូវ​រថភ្លើង​បែប​នេះ គឺ​ពិតជា​លេងសើច​នឹង​ជីវិត​ខ្លួនឯង​ពេក​ហើយ ដូច្នេះ​បើ​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ពេល​រថភ្លើង​មក​ដល់ កុំ​បន្ទោស​រថភ្លើង​អី ។ ក្រៅពី​ការ​រិះគន់​រឿង​ហាក់​មើល​ស្រាល​អាយុជីវិត​ដែល​មក​ហូប​ចុក​លើ​ផ្លូវ​រថភ្លើង​នោះ អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ក៏​បាន​បញ្ចេញ​ទស្សនៈ​រឿង​ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល​ ដែល​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ផង​ដែរ។ 

ជុំវិញករណីខាងលេីនេះ​ បន្ទាប់​ពី​​មានអ្នកអះអាង​ថា ទីតាំង​ខាង​លើ​នេះ​ស្ថិត​នៅ​ខេត្តកំពង់ឆ្នាំង​ លោក​ សូត្រ សង់ អភិបាលស្រុកទឹកផុស​ នៅរសៀល​ថ្ងៃ​ចន្ទ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០២២នេះដែរ​ក៏បានបញ្ជាក់ប្រាប់អង្គភាព​កាសែតនគរវត្ត​ និងនគរដ្រេហ្គន​ តាមបណ្តាញតេឡេក្រាមយ៉ាងដូច្នេះថា៖​ ទិដ្ឋភាព​ និងរូបភាព​នេះមិនមែនស្ថិតនៅ​ក្នុងមូលដ្ឋាន​ខេត្ត​កំពង់​ឆ្នាំង​នោះទេ​។ ប៉ុន្តែ​គ្រាន់តែអ្នផុសនោះ​ គាត់ជាអ្នកកំពង់ឆ្នាំង​ មិនដឹងបានរូបភាពនេះពីណានោះទេ។ 

ដោយឡែក​ជុំវិញករណីនេះដែរ​ បេីតាមការ​បញ្ជាក់ពីអាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ​ បានឱ្យដឹងនៅថ្ងៃទី០៨​ ខែសីហា​នេះ​ដែរថា៖​ រូបភាព​នេះគឺស្ថិតនៅ​សង្កាត់​ត្រពាំង​ក្រសាំង​ ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ​ កន្លងទៅ​អាជ្ញាធរ​ធ្លាប់ដេញមិនឱ្យមានការលក់ដូរនោះទេ​ តែ​ក្រុម​អាជីវករលក់ដូរ​ចល័ត​ទាំងអស់នោះ​ មិនព្រម​ស្ដាប់​តាមការណែនាំរបស់​អាជ្ញាធរ​ឡេីយ។ អាជ្ញាធរ​ បាននិយាយបន្ថែមថា​ បច្ចុប្បន្ន​នេះមិនមែនការលក់ដូរទៀតនោះទេ​ ព្រោះកម្លាំងប្រជាការពារដាក់ប្រចាំការ​នៅគោលដៅនោះ៕​ដោយ​៖ចន្ថា​ និងសុខា​ ពោធិ៍​សែនជ័យ​

IMG_3087

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print