ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោក វរសេនីយ៍ឯក សួន គីមហេង ស្នងការរងទទួលជួយដឹកនាំការងារការិយាល័យទេសចរណ៍ និងការិយាល័យចរាចរណ៍ផ្លូវទឹក កាលពីល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ បានដឹកនាំកម្លាំងការិយាល័យទាំង២ ចុះផ្សព្វផ្សាយពីអាកាសធាតុតាមការណែនាំរបស់ ក្រសួងធនធានទឹក និងឧតុនិយម ក្នុងអំឡុងថ្ងៃទី១០-១៦ ខែសីហា ឆ្នាំ២០២២ ។
សូមជម្រាបថា ចន្លោះ ថ្ងៃទី១០-១៣ ខែសីហា ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប(ITCZ) មកពីភាគខាងជេីងប្រទេសជិតខាង រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ឈ្មោះ មូឡាន (MULAN) ដែលមានដំណេីរឆ្ពោះទៅទិសខាងជេីងប្រទេសវៀតណាម នៅថ្ងៃទី១១ ខែសីហាដែលនឹងមានខ្យល់ម៉ូសុងនិរតីបក់ខ្លាំងមកលេីតំបន់សមុទ្រ ដែលបណ្តាអោយខេត្តជាប់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រេីន លាយឡំផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ព្រមទាំងរលកសមុទ្រមានកំពស់ខ្ពស់ និងបន្តមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ។
សូមអំពាវនាវដល់ ម្ចាស់ទូកអាជីវកម្ម ប្រជានេសាទ មានការប្រុងប្រយ័ត្នខ្ពស់ ទាំងប្រព័ន្ធបច្ចេកទេស និងសំភារះសុវត្ថិភាពផ្សេងៗ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្តកិច្ចអោយបានខ្ជាប់ខ្ជួន ពិសេសភ្ញៀវទេសចរណ៍ សូមមានការប្រុងប្រយ័ត្នខ្ពស់ ប្រេីប្រាស់អាវពោងទាំងពេលធ្វេីដំណេីរតាមទូកទេសចរណ៍ និងពេលចុះលេងទឹក ព្រមទាំងចៀសវាងកុំទៅលេងដល់ទឹកជ្រៅ ៕
ដោយ៖ស តារា