ខេត្តមណ្ឌលគិរី÷ដោយការយកចិត្តទុកដាក់ពីក្រសួង បរិស្ថាន,មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនិងដែនជម្រក សត្វព្រៃកែវសីមាបានទទួលជោគជ័យពីការលក់ឥណ ទានកាបូនមានការកើនឡើង ៣ ដងបើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះគឺមិនអាចកាត់ផ្ដាច់បានឡើយពីកិច្ចខិតខំប្រឹងប្រែងរបស់ឧទ្យាននុរក្សនៅដែនជម្រកសត្វ ព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។
ដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរី ជាដែនជម្រកមួយដែលជោគជ័យលើគម្រោងលក់ឥណទានកាបូនលើ ទីផ្សារអន្តរជាតិតាំងពីឆ្នាំ២០១៦មក។ ការលក់ឥណទានកាបូនក្នុងខេត្តមណ្ឌលគិរីនេះ មានការកើនឡើង៣ដងក្នុងឆ្នាំ២០២២នេះ បើគិតជាទឹកប្រាក់ដែលខេត្តនេះ ទទួលបាន គឺ៦០ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា រដ្ឋលេខានិងជាអ្នកនាំពាក្យក្រសួង បរិស្ថានបានលើកឡើងថា ទីផ្សារលក់កាបូននៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេស នៅតំបន់ដែនជម្រកសត្វព្រៃកែវសីមានេះតែម្តង ដោយមានការកើនឡើង៣ដងនៃចំណូលទទួលបាន បើធៀបនឹងឆ្នាំកន្លងទៅ។ ក្នុងនោះ កម្ពុជា មានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីសរុបរបស់ប្រទេសកម្ពុជា ដោយគិតពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ កម្ពុជា ទទួលបានទឹកប្រាក់ពីការលក់ឥណទានកាបូនសរុប ១១,៦លានដុល្លារអាមេរិក។
លោករដ្ឋលេខាធិការបានបន្តថា ចំពោះថវិកាដែលកម្ពុជាទទួលបានពីការលក់កាបូននេះ នឹងយកទៅធ្វើការជា មួយសហគមន៍មូលដ្ឋានទាំងមូល មានការវិភាគទានទៅលើការងារសំខាន់ចំនួន២។ ទី១ យកព្រៃឈើការពារព្រៃឈើ មានន័យថាថវិកាដែល ទទួលបាន គឺយកទៅបំពាក់នូវសម្ភារៈ និងផ្គត់ផ្គង់ទៅលើឧទ្យានុរក្ស និងមន្រ្តីដែលការពារព្រៃឈើ។ ទី២ អភិវឌ្ឍន៍ និងគាំពារដល់ប្រជាជនដែលរស់នៅក្នុងសហគមន៍លក់កាបូន ព្រម ទាំង ធ្វើការណែនាំពីការអភិរក្សព្រៃឈើ និងស្វែងរកមុខរបរបន្ថែមទៀតទៅដល់ពួកគេ។
លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា៖ “ប្រាក់ចំណូលដែលប្រជាជននៅភូមិនីមួយៗក្នុងសហគមន៍លក់កាបូនទទួលបានពីមុន ១២,០០០ដុល្លារក្នុង១ភូមិតែឥលូវកើន ឡើងមួយភូមិៗទទួលបានប្រាក់ចន្លោះ ២០,០០០ដុល្លារ ទៅ៤០,០០០ដុល្លារតាមការខិតខំរបស់ពួកគាត់ ”។
លោកស្រី ឆាយ គឹមហៀក ប្រធានផ្នែកសហគមន៍រេដបូកកែវសីមានៃអង្គការ WCS ដែលសហការជាមួយក្រសួងបរិស្ថានលើគម្រោងលក់កាបូននេះ បានថ្លែងថា ក្នុងឆ្នាំ២០២២ សហគមន៍ដែនជម្រកសត្វព្រៃកែវសីមាទទួលបានថវិកា ៦០ម៉ឺនដុល្លារ ពីការលក់កាបូនលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិ ដោយកាលពីឆ្នាំ២០២១ ទទួលបានតែ២០ម៉ឺនដុល្លារប៉ុណ្ណោះ។
លោកស្រី ឆាយ គឹមហៀក បាននិយាយថា៖ “សម្រាប់ឆ្នាំ២០២២នេះ ថវិកាបានមកពីការលក់ឥណទានកាបូនក្នុង ទីផ្សារស្ម័គ្រចិត្តបានចែករំលែកដល់សហគមន៍ក្នុងដែនជម្រកសត្វព្រៃកែវសីមាបានកើនឡើងពី ២០ម៉ឺននៅឆ្នាំ២០២១ ដល់ចំនួន ៦០ម៉ឺនដុល្លារអាមេរិក ដែលមានចំនួនកើនឡើង៣ដង បើធៀបនឹងឆ្នាំ២០២១ ដោយមានការបែងចែកតាមភូមិចំនួន២០ ទៅតាមពិន្ទុរបស់ខ្លួន ក្នុងការចូលរួមការពារធនធានធម្មជាតិ”។
ទន្ទឹមនោះ លោកស្រី ក៏រំពឹងថា ថវិកាដែលបានមកពីការលក់កាបូនរបស់សហគមន៍ដែនជម្រកកែវសីមា អាចមានកាកើនឡើង១លានដុល្លារក្នុងឆ្នាំ២០២៣ ប៉ុន្តែ ក្តីរំពឹងនេះ អាចទៅបានលុះត្រា តែមានការចូលរួមសហការពីប្រជាជនរស់នៅក្នុងសហគមន៍ដូចគ្នា។
គួរបញ្ជាក់ថា ទីតាំងដែលកម្ពុជាលក់កាបូនបានមាន៣ គឺដែនជម្រកសត្វព្រៃកែវសីមា,ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងនោះ ដែនជម្រកសត្វព្រៃកែវសីមា ជាកន្លែង គម្រមួយសម្រាប់លក់កាបូនក្នុងប្រទេសកម្ពុជា៕