ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែសីហាឆ្នាំ២០២២ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក កេត សុជាតិ ប្រធានក្រុមប្រឹក្សាបានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់ចំនួន២០ឆ្នាំ ពិន័យជាប្រាក់២០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទជួញដូរ រក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៣:៤០នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុី ផល្លា លោកវរសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក សេង ឃុនណាង នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ដឹកនាំ ពីសំណាក់លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបបានករណីជួញដូរគ្រឿងញៀននៅចំណុចផ្លូវ៥A បុរី លឹម ឈាងហាក់ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយ ឃាត់ខ្លួនបានជនសង្ស័យ១នាក់ឈ្មោះ ជា ចាន់ដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ រួមជាមួយវត្ថុតាងចាប់យកមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់៧គីឡូ៦២២ ក្រាម៕ ដោយ រ៉ារ៉ា