ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យគ្រឿងញៀនម្នាក់ត្រូវ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២នេះដើម្បីចាត់ការបន្ត ៕ លោក យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថាកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ២០និង៤៥នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះល្បាតការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្តក្រុង ហើយក៏បានប្រទះឃើញមនុស្សប្រុសម្នាក់គួរឱ្យសង្ស័យ ទើបកម្លាំងរបស់លោកហៅមកសួរនាំស្រាប់តែជនសង្ស័យខាងលើស្ទុះរត់គេចខ្លួន តែត្រូវកម្លាំងលោកឃាត់ខ្លួនបានភ្លាមៗ និងធ្វើការឆែកឆេរលើដងខ្លួនលើបុរសនោះ មានគ្រឿងញៀនប្រភេទទឹកកកចំនួន០១កូនថង់កិប ទម្ងន់ ១.៤៧ក្រាម, ថ្នាំគ្រាប់ពណ៌ក្រហមក្បឿងចំនួន០៥គ្រាប់ ទម្ងន់ ០,៤៨ក្រាម, ម៉ូតូ១គ្រឿង រួមនឹងសម្ភារៈមួយចំនួន ។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ប៉ក់ ស៊ីណា ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ជនសង្ស័យរូបនេះក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសួរនាំរួចបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកគ្រឿងញៀនខាងលើមកលក់ដូរ និងទុកសម្រាប់ប្រើប្រាស់ខ្លួនឯងផងពិតប្រាកដមែន ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ទើបកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាង មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។វណ្ណា